បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះសួរសុខទុក្ខ កម្លាំងចម្រុះកំពុងឈរជើងតាមគោលដៅ ការពារការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ បន្ទាប់ពីចាត់វិធានការក្តៅ និងបានដាក់បទបញ្ជារយ៉ាងមុឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងក្រុមការងារគណៈកម្មាការទប់ស្កាត់ការឈូសឆាយទន្រ្ទានដីព្រៃលិចទឹកខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ទាំង ៤ ទីតាំង គ្រប់ដណ្តប់លើ ៩ ឃុំ ក្នុងចំណោម ១២ ឃុំ នៃស្រុកក្រូចឆ្មារ ដើម្បីត្រួតពិនិត្យសកម្មភាពលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដោយខុសច្បា់បបន្ត ពីសំណាក់ជនខិលខូច មួយ ចំនួន។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកង កម្លាំងចម្រុះទាំងអស់ ដែលកំពុងឈរជើងការពារនៅតាមគោលដៅទាំងអស់ ទោះបីជាទីតាំងទាំងនេះ មានភាពស្មុគស្មាញ មិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ មិនទាន់មានអគ្គិសនីប្រើ និងមិនបានសម្រាកនៅជួបជុំក្រុមគ្រួសារ ដោយបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នា ទប់ស្កាត់ការពារតំបន់ទាំងនេះ ឲ្យនៅគង់យូរអង្វែង។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងដីអភិរក្សនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនេះ រាជរដ្ឋាភិបាល ធ្លាប់បានចាត់កាត់ឆ្វៀលជូនប្រជាពលរដ្ឋរួចរាល់ហើយសម្រាប់កន្លែងដែលអាស្រ័យផលជាក់ស្តែង។

រាជរដ្ឋាភិបាល ក៏បានហាមផ្តាច់មិនឱ្យមានការឈូសឆាយទន្ទ្រានដីព្រៃលិចទឹកនៅក្នុងតំបន់ទាំងនោះបន្តទៀតឡើយ។ ដីព្រៃលិចទឹក គឺជាជម្រកសម្រាប់ត្រីពងកូន ដ៏មានសារៈសំខាន់នៅក្នុងរដូវវស្សា។

បើដីព្រៃលិចទឹកនេះ ត្រូវបាត់បង់វាក៏នឹងប៉ះពាល់ដល់ជីវៈចម្រុះក្នុងបឹងទន្លេសាបផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់កម្លាំងចម្រុះទាំងអស់ ចុះល្បាតជាប្រចាំ នៅតាមគោលដៅនីមួយៗ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋនេះ ២៤ម៉/២៤ម៉ តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ហើយបើមានការប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវតែចាប់ខ្លួនភ្លាមៗ ដោយបន្តស្រាវជ្រាវវែកមុខរកជនពាក់ព័ន្ធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ សូមខិតខំជួយការពារ និងអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានានៅតំបន់ព្រៃលិចទឹក ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ ។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសសួរសុខទុក្ខទាំង ៤ ទីតាំង រួមមាន : តំបន់ក្របីក្រៀគ តំបន់ចម្ការ តំបន់ពស់អំបែង និងតំបន់ក្រពើខាំតា (ខ្នងព្រែក) ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានឧបត្ថម្ភស្បៀងអាហារ ក្នុង ១ទីតាំង មានដូចជា៖ អង្ករ ១០០គីឡូ ទឹកត្រី ២យួរ ទឹកស៉ីអ៉ីវ ២ យួរ មី ៧ កេស ត្រីខ ៥ យួរ ធុងទឹក ១ តង់ ១ និងថវិកាមួយចំនួនផងដែរ ដល់កងកម្លាំងចម្រុះទាំង ៤ ទីតាំង នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕

b