បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចាត់វិធានក្តៅ ដាក់បទបញ្ជារយ៉ាងមុឺងម៉ាត់ ចំពោះការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្រុមការងារគណៈកម្មារទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដឹកនាំដោយ លោក សាំង សែន សមាជិកគណៈកម្មការ ជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បាននាំយក អង្ករ ចំនួន ៤០០គ.ក និងថវិកា របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្តផ្ទាល់ ចំនួន ៨ លានរៀល ឧបត្ថម្ភជូនកម្លាំងចំរុះទាំង បី ប្រភេទ ដែលឈរជើងប្រចាំការការពារ ចំនួន ៤ ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ រួមសហការគ្នាទប់ស្កាត់ការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ។

ក្រោយទទួលបានបទបញ្ជាពីសំណាក់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក្រុមការងារគណៈកម្មារទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំក្រុមការងារចំរុះ រួមមានកងកម្លាំងទាំង ៣ ប្រភេទ សរុបចំនួន ៣០នាក់ ត្រូវបន្តឈរជើងដើម្បីទប់ស្កាត់ ការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹកដោយខុសច្បាប់។

ក្រុមការងារក៏បាននាំយកអំណោយមានជាអង្ករ ចំនួន ៤០០គីឡូក្រាម និងថវិកាផ្ទាល់របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ឧបត្ថម្ភដល់កម្លាំងចំរុះ ទាំង ៤ ទីតាំង ដោយក្នុងមួយទីតាំងចំនួន ២លានរៀល សរុបចំនួន ៨លានរៀល រៀងរាល់ខែ។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការទប់ស្កាត់ និងការឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក មានចំនួន ៩ ឃុំ ក្នុងចំណោម ១២ឃុំ ក្នុងស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ មានកម្លាំងចំរុះ ដែលត្រូវឈរជើងប្រចាំការល្បាតជាប្រចាំ ក្នុងភូមិសាស្ត្រស្រុក តាមបណ្តាទីតាំងសំខាន់ៗ មានចំនួន ៤ទីតាំង រួមមាន៖ ទីតាំងទី១៖ ឃុំក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក) ទីតាំងទី២៖ តំបន់ពស់អំបែង (គ្រប់ដណ្តប់ឃុំទួលស្នួល) ទីតាំងទី៣៖ តំបន់ចម្ការចិន (គ្រប់ដណ្តប់ ឃុំ ប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយឃ្លាំង) ទីតាំងទី៤៖ តំបន់ខ្នងព្រែក (គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី) ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ។

ទន្ទឹមនោះ ប្រសិនបើមានបទល្មើសកើតឡើង គឺកងកម្លាំងប្រដាប់អាវុធ ដែលមានសមាសភាព ៧នាក់ ក្នុងមួយទីតាំង ត្រូវតែចាប់ខ្លួន ស្រាវជ្រាវវែកមុខ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ក្នុងនោះការទន្ទ្រាន ដែលជាបទល្មើសជាក់ស្ដែង យើងចុះទៅកំពុងភ្ជួររាស់ ដាំដុះនៅតំបន់ហាមឃាត់ គឺកងកម្លាំងយើង ចុះប្រតិបត្តិការ គឺមានសិទ្ធិពេញលេញ ដើម្បីបង្ក្រាបនៅបទល្មើសជាក់ស្ដែង។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែជួយការពារទប់ស្កាត់ការទន្ទ្រានទៅលើដីនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ សូមខិតខំជួយការពារ និងអភិរក្សធនធានធម្មជាតិ និងជីវសាស្ត្រចម្រុះនានានៅតំបន់ព្រៃលិចទឹក ឱ្យបានគង់វង្ស ទុកសម្រាប់បម្រើជាឧត្តមប្រយោជន៍សាធារណៈ ។

ក្នុងនោះផងដែរ ប្រសិនបើ ជនខិលខូចនៅតែបន្តការឈូសឆាយមិនស្ដាប់តាមការណែនាំទេ ក្រុមការងារ នឹងចុះទៅដល់គោលដៅ ដើម្បីអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត និងដាច់ខាតហាមមិនឲ្យគ្រឿងចក្រចូលទីដីព្រៃលិចទឹកជាដាច់ខាត លើកលែងតែប្រជាពលរដ្ឋដែលបានអាស្រ័យផល មានការទទួលស្គាល់ដោយអាជ្ញាធរ។ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលបានអាស្រ័យផលនៅតំបន់នេះ ត្រូវតែផ្សព្វផ្សាយ ដើម្បីកុំឲ្យមានការឈូសឆាយទន្ទ្រានដីបន្ថែមទៀត ហើយប្រញាប់ចាកចេញពីកន្លែងដី ជាតំបន់ហាមឃាត់នេះជាបន្ទាន់៕