បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រៀមរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យជួបជុំសាសនិកឥស្លាម (អ៊ីជទីម៉ាក) ប្រចាំឆ្នាំ ដើម្បីផ្សព្វផ្សាយធម៌វិន័យឥស្លាម នៅបរិវេណវិហារឥស្លាម ស្ថិតនៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រខេត្ត ជាប្រធានគណៈអ៉ីវ៉ាធំខេត្តត្បូងឃ្មុំ និង ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យជួបជុំសាសនិកឥស្លាម (អ៊ីជទីម៉ាក) ប្រចាំឆ្នាំ ដើម្បីផ្សព្វផ្សាយធម៌វិន័យឥស្លាម នៅបរិវេណវិហារឥស្លាម ស្ថិតនៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត លោក សយ ទូច អភិបាល នៃគណៈអភិបាលស្រុកក្រូចឆ្មារ តំណាងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជារងតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលរងស្រុក អាជ្ញាធរស្រុក/ឃុំ គណៈអ៉ីម៉ាំមាស្ជិត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ណែនាំដល់ គណៈអ៊ីម៉ាំស្រុក គណៈកម្មារៀបចំព្រឹត្តិការណ៍ ជាពិសេសរដ្ឋបាលស្រុកក្រូចឆ្មារ កងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ ក្នុងការការពារនូវសន្តិសុខ ជូនប្រជាពលរដ្ឋ ក៏ដូចជាសាសនិកឥស្លាម នៅក្នុងភូមិសាស្ត្រនេះ ឲ្យមានសុវត្តិភាព និងសណ្ដាប់ធ្នាប់ ប្រកបដោយប្រសិទ្ធភាពបំផុត ដោយក្នុងនោះត្រូវរៀបចំ មានជាក្រុមគ្រូពេទ្យប្រចាំការសង្គ្រោះបន្ទាន់ មានជាកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាត្រៀមនូវរថយន្តអគ្គិភ័យរួចជាស្រេច ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ និងធានាសុខសុវត្ថិភាព ជូនប្រជាសានិកឥស្លាម ក៏ដូចជាភ្ញៀវអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមពិធីបុណ្យជួបជុំសាសនិកឥស្លាម (អ៊ីជទីម៉ាក) ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយធម៌វិន័យឥស្លាម ដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបរិវេណវិហារឥស្លាម ស្ថិតនៅភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយគ្មានការភ័យខ្លាច។

ឯកឧត្តមអភិបាលរងខេត្ត បានជម្រុញដល់ រដ្ឋបាលស្រុក គណៈអ៊ីម៉ាំស្រុក គណៈកម្មាការរៀបចំព្រឹត្តិការណ៍នេះ ត្រូវសហការជាមួយ នឹងមន្ទីរ/អង្គភាពជំនាញ ពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាព ជូនអ្នកចូលរួមនៅក្នុងពិធីបុណ្យ ឲ្យប្រព្រឹត្តទៅបានរលូន ទទួលបានសុវត្ថិភាពខ្ពស់។

ក្នុងនោះដែរ ជម្រុញការគ្រប់គ្រង និងរក្សាការពារនូវអនាម័យ និងធានាថាស្អាត មិនថាអំឡុងពេលពិធី និងក្រោយពេលពិធីបុណ្យរួច ព្រមទាំងធានាថាស្អាតគ្រប់ពេលវេលា ដើម្បីធានានូវផាសុខភាពជូនប្រជាសាសនិកឥស្លាម ក៏ដូចជាភ្ញៀវអន្តរជាតិ ដែលបានមកក្នុងព្រឹត្តិការណ៍នេះផងដែរ ។

តមក ឯកឧត្តម ម៉ូត យូសុះ ក៏បានលើកទឹកចិត្ត គណៈកម្មការ កម្លាំងការពារ គ្រប់គោលដៅ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ សូមបំពេញសហការបំពេញការងារ ក្នុងព្រឹត្តិការណ៍នេះ ដើម្បីថែរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងរយៈពេល ៣ថ្ងៃនេះ ធ្វើឲ្យចូលរួមរាប់ម៉ឺននាក់ បានចូលរួម ពិធីបុណ្យជួបជុំសាសនិកឥស្លាម (អ៊ីជទីម៉ាក) ប្រចាំឆ្នាំ ដើម្បីផ្សព្វផ្សាយធម៌វិន័យឥស្លាម ប្រកបដោយបរិយាកាសល្អប្រសើរ មានភាពកក់ក្តៅ សុខសុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ ក្រោមម្លប់សន្តិភាព តាមរយៈការដឹកនាំដ៏ត្រចះត្រចង់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕