បណ្តាញសង្គម

ឯកឧត្តម អ៊ាង ផល្លែត អញ្ជើញបិទសន្និបាទ បូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។

ពិធីបិទអង្គសន្និបាតនេះ មានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងសាលាឧទ្ធរណ៍ សាលាដំបូងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ នៃរដ្ឋបាលខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត កម្លាំងទាំង បី ប្រភេទ អាជ្ញាធរក្រុង/ស្រុក ទាំង ៧ និងអ្នកពាក់ព័ន្ធជាច្រើនរូប ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ ទាំង បី ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក និងអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារ យកអស់កម្លាំងកាយចិត្ត ទាំងប្រាជ្ញាស្មារតី អនុវត្តតាមតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ។

ដោយបានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខ ជាពិសេសការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូគ្រឿងញៀន ជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។

ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានដាក់គោលការណ៍ដល់ថ្នាក់ដឹកនាំស្ថាប័នអង្គភាព សំដៅធ្វើយ៉ាងណា ត្រូវបន្សុទ្ធកងកម្លាំង និងមន្ត្រីរាជការស៊ីវិល មិនមានការពាក់ព័ន្ធ ទាំងការប្រើប្រាស់ និងការជួញដូគ្រឿងញៀន។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅលើកកម្ពស់ការចូលរួម របស់មន្ត្រីរាជការ ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋាន ពិសេសការជួញដូរចែកចាយប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាននានា ទូទាំងខេត្តផងដែរ។

នាឱកាសនោះឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ឥតឈប់ឈរ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់សមធម៌ក្នុងសង្គម និងដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាប្រសិទ្ធភាពការងារនិងកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ ពង្រឹងសមត្ថកិច្ច លើកកម្ពស់គុណ ភាពស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធានាចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ លើគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ នេះ មាន ៥ចំណុច សំខាន់ រួមមានៈ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង យុទ្ធសាស្រ្តជាអាទិភាព មានចំនួន ៥ រួមមាន ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដើម្បីឱ្យកម្ពុជាធានានូវភាពប្រកួតប្រជែង ដោយធានាដល់ការអភិវឌ្ឍយូរអង្វែង ធានាបាននូវកំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព ផ្តល់សមិទ្ធផលបន្ថែមជូនប្រជាពលរដ្ឋ ។

ឯកឧត្តម អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំបឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រប់លំដាប់ថ្នាក់ នឹងត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាធានាបាន នូវនិរន្តរភាពការងារ និងការអភិវឌ្ឍន៍ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ប្រកបដោយភាពរីកចម្រើនជាបន្តរបន្ទាប់៕