បណ្តាញសង្គម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានខេត្តត្បូងឃ្មុំ

ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មានខេត្ត ដើរតូនាទីសំខាន់អោយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការគ្រប់គ្រងព័ត៌មានក្នុងខេត្តរបស់ខ្លួន ដើម្បីក្តាប់បានសភាពការណ៍ក្នុងខេត្ត ហើយឆ្លើយតបរាល់ព័ត៌មានផ្សេងៗដែលអវិជ្ជមាន ហើយធ្វើការបកស្រាយអោយទាន់ពេលវេលា ដើម្បីគ្រប់គ្រងលើសាធារណៈមតិក្នុងខេត្ត និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងអ្នកសារព័ត៌មានដែលកំពុងអនុវត្តការងារក្នុងខេត្ត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរព័ត៌មាន ស្ថិតនៅក្នុង”តំបន់រដ្ឋបាលខេត្ត” ភូមិនិគមលើ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ទីរព័ត៌មាន ត្រូវពង្រឹងតូនាទីរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មានដែលមាន ដូចជា វិទ្យុ ទូរទស្សន៍ Facebook និងប្រពន្ធ័ផ្សព្វផ្សាយសង្គមផ្សេងៗទៀត អោយបានដឹងពីតូនាទី និងសកម្មភាពការងារដែលអាជ្ញាធរដែនដីបានធ្វើ បំរើដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ចូលមក បំរើការងារជូនដល់ប្រជាពលរដ្ឋ ដើម្បីបញ្ជ្រាបការជូនដំណឹងអោយបានដឹង ពីកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមបំរើប្រជាពលរដ្ឋ ។

ជាមួយគ្នានេះដែរ មន្ទីរព័ត៌មាន ត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានអោយបានឆាប់រហ័ស ទាន់ពេលវេលា ផ្តល់នូវព័ត៌មានពិត ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់មន្ទីរព័ត៌មាន ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីធ្វើព័ត៌មានផ្សព្វផ្សាយ ជាកិច្ចសំភាសន៍ បទយកការណ៍ រូបភាពផ្សេងៗរបស់មន្ទីរ អង្គភាពចំណុះខេត្ត ដើម្បីផ្សាយបានទូលំទូលាយ ។

ទន្ទឹមនេះ ត្រូវមានកិច្ចសហការជាមួយ សមាគម អង្គភាពសារព័ត៌មាននានា ដើម្បីបង្កើនការផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានជម្រាបពីអ្វីដែលកើតមានឡើងក្នុងខេត្ត ។

ឯកឧត្តម បានជម្រាបជូនពីដំណើរការងារដែល ក្រសួងព័ត៌មាន បានធ្វើយ៉ាងសកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបានដាក់ចេញផែនការកំណែទម្រង់គោលនយោបាយ ការពង្រឹងរចនាសម្ព័ន្ធ ការកសាងឯកសារគតិយុត្តនានា ការពង្រឹងការគ្រប់គ្រងវិស័យព័ត៌មាន និងអ្នកសារព័ត៌មាន ឱ្យមានលក្ខណៈ ទំនើប និងមានភាពសកម្មជាងមុន ជាពិសេសរួមគ្នាក្នុងភាពប្រទាក់ក្រឡាលើការផ្សព្វផ្សាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំឱ្យបានដឹងដល់មូលដ្ឋានឆ្ងាយៗ ក្រៅពីទីប្រជុំជន ។

ជាជំហ៊ានបន្តទៅមុខទៀត បណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់បងប្អូនជាអ្នកសារព័ត៌មាន ។

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានអញ្ជើញពិនិត្យដំណើរការផ្សាយវិទ្យុជាតិត្បូងឃ្មុំ និងទូរទស្សន៍ របស់មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ ដែលកំពុងដំណើរការផ្សាយជារៀងរាល់ថ្ងៃ នូវព័ត៌មាន ចំណេះដឹង ការកំសាន្ត សប្បាយផ្សេងៗ ។

តាមរបាយការណ៍លើកឡើងដោយ លោក សរ សុីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានធ្វើការផ្សព្វផ្សាយតាមវិទ្យុជាតិខេត្ត ផេកទូរទស្សន៍ជាតិខេត្ត និងបញ្ជូនព័ត៌មានទៅផ្សាយ ទូរទស្សន៍នៅរាជធានីភ្នំពេញ។

ធ្វើសេចក្តីរាយការណ៍តាមទូរស័ព្ទផ្ទាល់ទៅ ទូរទស្សន៍ជាតិកម្ពុជា ផ្សព្វផ្សាយតាមបណ្តាញសង្គមមានដូចជា ហ្វេសប៊ុក តិកតុក យូធូប គេហទំព័រមន្ទីរ ក្នុងនោះមន្ទីរបាន ផលិតកម្មវិធីផ្សាយផ្ទាល់ តាមវិទ្យុជាតិខេត្ត ផេកទូរទស្សន៍ជាតិខេត្ត និងផេកមន្ទីរព័ត៌មានខេត្ត ក្នុងពេលដំណាលគ្នា រួមមាន៖ − កម្មវិធី ព័ត៌មានព្រឹកនេះ ចាប់ពីម៉ោង ៨-៩ ព្រឹក − កម្មវិធី បច្ចុប្បន្នភាពកម្ពុជា ចាប់ពីម៉ោង ១៤-១៥ រសៀល រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ។

ការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្ត មានស្ថានីយវិទ្យុ កំពុងដំណើរការផ្សាយមានចំនួន ៧ស្ថានីយ ក្នុងនោះស្ថានីយផ្សាយផ្ទាល់មានចំនួន៥ស្ថានីយ និងផ្សាយបន្តមានចំនួន២ស្ថានីយ។ – ស្ថានីយទូរទស្សន៍(គ្មាន) ទូរទស្សន៍អនឡាញ ១ស្ថានីយរបស់មន្ទីរ និងស្ថានីយទូរទស្សន៍ខ្សែកាប មានចំនួន៤ស្ថានីយ។ – ស្នាក់ការអង្គភាពសារព័ត៌មានក្នុងខេត្តមានចំនួន ២០ស្នាក់ការ – គេហទំព័រចំនួន ១២អង្គភាព កាសែត ៨អង្គភាព ក្នុងនោះមាន ២អង្គភាព ៕