បណ្តាញសង្គម

ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១១

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១១ របស់ខ្លួន ក្រោមអធិបតិភាព ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ។

ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១១ នេះដែរ រៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរូមពីឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត លោក ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ប្រធានមន្ទីរពេទ្យមណ្ឌលនៃក្ដីសង្ឃឹម ប្រធានមន្ទីរពេទ្យកាល់ម៉ែត និងប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៧ក្រុង/ស្រុក ព្រមទាំងអ្នកពាក់ព័ន្ធច្រើនរូបទៀត។

បើការឲ្យដឹងពីឯកឧត្តមវេជ្ជបណ្ឌិត ឆន មុនី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានលើកឡើងថា ៖ ការអនុវត្តន៍ សេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្តការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តត្បូងឃ្មុំ មានបំណងផ្លាស់ប្ដូរបទពិសោទធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាជនខេត្ត ក៏ដូចជាប្រជាជនទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមវេជ្ជបណ្ឌិត បន្តថា ៖ ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២៣នេះ មានការចុះបញ្ជីការ និងស្នើសុំអាជ្ញាបណ្ណ រួមមាន ៖ គ្រូពេទ្យសរុបចំនួន២៩០នាក់ (ស្រី៤៨) វេជ្ជបណ្ឌិត/គ្រូពេទ្យបំរើក្នុងស្ថាប័នរដ្ឋសរុប១៧១នាក់(ស្រី៣៨) គ្រូពេទ្យបានចុះបញ្ជីកាសរុប២៧៦(ស្រី៤៣) គ្រួពេទ្យ មិនទាន់បានចុះបញ្ជីការសរុប១៤នាក់ គ្រូពេទ្យបានស្នើសុំអាជ្ញាបណ្ណសរុប ១៥០នាក់ (ស្រី២៨) គ្រូពេទ្យបានទទួលអាជ្ញាបណ្ណសរុប១២៤នាក់(ស្រី២៧) គ្រូពេទ្យសុំផ្ទេរចេញសរុប៧នាក់ គ្រូពេទ្យផ្ទេរចូលសរុប១២នាក់ (ស្រី២នាក់)ផងដែរ។

នាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ៖ ទិវានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ហើយឯកឧត្តម ក៏បានផ្តាំផ្ញើដល់គ្រូពេទ្យទាំងអស់ ខិតខំបំពេញការងារផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យបានល្អ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៍វិជ្ជាជីវៈ និងសាមគ្គីល្អ ។

ទន្ទឹមនេះ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់នៅទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាពជាបន្តបន្ទាប់ផងដែរ៕