បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងារកម្មវិធីអាហារូបករណ៍ Australia Awards ផ្សព្វផ្សាយ ចែករំលែកព័ត៌មាន និងបែបបទនានា ដើម្បីទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក ភីតធ័រ បូស៊ីង (Pieter Bossink) អនុប្រធានកម្មវិធី Australia Awards បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ស្តីពីអាហារូបករណ៍សិក្សាភាសាអង់គ្លេស និងអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ជូនដល់មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត និងនិស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុប ប្រមាណជិត ២០០ នាក់ នៅសាលប្រជុំ “គ” សាលាខេត្តត្បូងឃ្មុំ ជាន់ទី២ ។

ក្នុងឱកាសនោះ លោក ភីតធ័រ បូស៊ីង (Pieter Bossink) អនុប្រធានកម្មវិធី Australia Award កិច្ចប្រជុំនាពេលនេះ មានគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន និងបែបបទនានាស្តីពីអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ព្រមទាំងបើកចំហរ ផ្តល់ឱកាសដល់មន្ត្រីរាជការ និសិ្សត បុគ្គលិកអង្គការ ដែលមានបំណងដាក់ពាក្យយកអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។

ទន្ទឹមនោះ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ បានសម្ដែងនូវការស្វាគមន៍ និងអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះកម្មវិធីអាហារូបករណ៍ australia Award ដែលបានមកធ្វើការផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ក្នុងការដាក់ពាក្យសុំអាហារូបករណ៍ ដើម្បីទទួលបានការសិក្សាបន្ត នៅប្រទេសអូស្ត្រាលី ។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តលើឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៦ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ជូនដល់ប្រជាពលរដ្ឋ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេស ។

ហើយនៅក្នុងអាណត្តិទី ៧ ក្រោមការដឹកនាំបន្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា បានអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានផ្ដល់អាទិភាព លើការកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបង្កើននូវសមត្ថភាពផ្ទាល់ខ្លួន របស់មន្ត្រីរាជការ និស្សិត និងបុគ្គលិកអង្គការ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តម ប៉េង សម្បត្តិ បានគូសបញ្ជាក់ថា ដើម្បីទទួលបានអាហារូបករណ៍ Australia Awards រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់អាហារូបករណ៍ ដល់មន្ត្រីរាជការ បុគ្គលិកអង្គការ ឯកជន និងនិស្សិត ដើម្បីបន្តការសិក្សា ថ្នាក់ក្រោយឧត្តមសិក្សា នៅប្រទេសអូស្ត្រាលី។

តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ បេក្ខជនអាចជ្រើសរើសមុខជំនាញនានាដែលខ្លួនចង់ទៅសិក្សា នៅប្រទេសអូស្ត្រាលី បេក្ខជនជាស្ត្រី បេក្ខជនមកពីបណ្តាខេត្ត និងបេក្ខជនមានពិការភាព ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការដាក់ពាក្យនេះផងដែរ ។

បន្ថែមលើនេះ ឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ បានចាត់ទុកកិច្ចប្រជុំផ្សព្វផ្សាយនេះ បានផ្តល់ធាតុចូលសំខាន់ៗ ជាសារៈប្រយោជន៍ សម្រាប់បងប្អូនៗ ជាមន្ត្រីរាជការ និស្សិត ដែលមានបំណងអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកដឹកនាំតាមរយៈអាហារូបករណ៍នេះ ហើយដល់ពេលបញ្ចប់ការ សិក្សាពីប្រទេសអូស្ត្រាលី គឺបាននាំយកនូវចំណេះដឹងថ្មីៗ និងសមត្ថភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទសកម្ពុជា៕