បណ្តាញសង្គម

ឯកឧត្តម ទ្រី មេង បន្តដឹកនាំគណៈកម្មការអន្តរក្រសួង បន្តចុះត្រួតពិនិត្យ វាយតម្លៃលើការងារជួសជុលផ្លូវលក្ខណៈខួប ផ្លូវក្រាលល្បាយក្រួស ០២ខ្សែ ប្រវែងសរុប ១៤,០០០ម៉ែត្រ ក្នុងភូមិសាស្រ្ត ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំ២០២៣

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តចុះត្រួតពិនិត្យ និងវាយតំលៃ លើការងារជួសជុលផ្លូវលក្ខណៈខួប ផ្លូវក្រាលល្បាយក្រួស ០២ខ្សែ ប្រវែងសរុប ១៤,០០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកអាជី ស្រុកក្រូចឆ្មា និង ឃុំគគីរ-ឃុំមេមង និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងដំណើរចុះត្រួតពិនិត្យ និងវាយតម្លៃ នេះ មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រតិភូអន្តរក្រសួង អមដំណើរដោយ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ លោកអនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។

បើតាមការឲ្យដឹង ពីសំណាក់ លោក អាន ស៊ីណា ប្រធានអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងថា ការងារជួសជុលផ្លូវលក្ខណៈខួប ដែលជាប្រភេទផ្លូវក្រាលល្បាយក្រួស មានចំនួន ០២ខ្សែ ប្រវែងសរុប ១៤,០០០ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកអាជី ស្រុកក្រូចឆ្មា និង ឃុំគគីរ-ឃុំមេមង និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។

លោកប្រធានអភិវឌ្ឍន៍ជនបទខេត្ត បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយ ដំណាក់កាលទី ១ រៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងនោះគោលដៅយុទ្ធសាស្ត្រជាអាទិភាព ចំនួន ៥ចំណុច រួមមាន៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ។ ជាក់ស្តែង គម្រោងសកម្មភាពសាងសង់ផ្លូវ ការស្តារ និងកែលម្អផ្លូវលំ តាមភូមិ ឃុំ នេះ គឺជាការរួមចំណែកដល់ការតភ្ជាប់គ្នា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនដំណាំកសិផលកសិកម្មទៅកាន់ទីផ្សារ និងតម្រូវការមូលដ្ឋានជាដើម។

លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ត្រូវបន្តចូលរួមឱ្យបានយ៉ាងសកម្ម ក្នុងការថែរក្សាផ្លូវទាំងនេះ ឲ្យបានល្អប្រសើរ ទប់ស្កាត់ការដឹកលើសទម្ងន់ ជួយណែនាំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ កុំចាក់ដីខ្ពស់ជាងផ្លូវ ត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋាន ជាផ្លូវរបស់ខ្លួន ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗ រួចមក ជាលទ្ធផល គណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកលទ្ធផល ការអនុវត្តការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយសម្រេចបាន ១០០% ស្របតាមបញ្ជីប៉ាន់តម្លៃ និងបទដ្ឋានបច្ចេកទេស ដែលអាចទទួលយកបាន។

ទន្ទឹមនោះ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងការកោតសរសើរ ដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលជាសេនាធិការរបស់ក្រសួង ក្នុងការបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយក ១០០% ចំពោះលទ្ធផល ការជួសជុលផ្លូវលក្ខណៈខួប ជាប្រភេទផ្លូវក្រាលល្បាយក្រួស ០២ខ្សែ ប្រវែងសរុប ១៤,០០០ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ នេះ។ ឯកឧត្តម ទ្រី មេង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មី របស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗរបស់យើងទាំងអស់គ្នា៕