បណ្តាញសង្គម

ពិធីបិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន៣.១៥៦ នៅភូមិចំនួន៤ ក្នុងឃុំពពេល ស្រុកពញាក្រែក មានលក្ខណៈជាប្រព័ន្ធរយពេល១៥ថ្ងៃ ដើម្បីឲ្យម្ចាស់ដីមកពិនិត្យនិងធ្វើការកែតម្រូវ

ក្បាលដីចំនួន៣១៥៦ នៅភូមិចំនួន៤ រួមមានភូមិស្រះ ត្រពាំងថ្ម ត្រពាំងឈ្លើង និងភូមិខ្សាក ក្នុងឃុំពពេល ស្រុកពញាក្រែក ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ មកពិនិត្យ ឈ្មោះ .ថ្ងៃខែឆ្នាំកំណើត.រូបរាងដី.ទំហំដី.ប្រភេទទ្រព្យ. រងចាំកែតម្រូវអោយបានត្រឹមត្រូវ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ នាឱកាសនោះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ និង លោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក ក្នុងនោះ ក៏មានការចូលរួមពី នាយករដ្ឋបាលសាលាស្រុក ប្រធានភូមិបាលស្រុក មន្ត្រីវាលចុះវាស់វែង និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

មានប្រសាសន៍នាឱកាសនោះ លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដីខេត្ត បានលើកឡើងថា ៖ ៖ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នាពេលនេះគឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី១៩ ខែធ្នូ ដល់ថ្ងៃទី០៤ ខែកមរា ឆ្នាំ២០២៤ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។

លោក បានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះ ជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថាទិន្នន័យក្បាលដីរបស់បងប្អូន ពិតជាត្រឹមត្រូវដែររឺទេ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការ ស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥នេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដីនិងសមាភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ។

អាស្រ័យហេតុនេះក្រោយពេល១៥ ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅទីនោះ សូមធ្វើការសហការជាមួយអាជ្ញាធរដែនដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាផងដែរ។

ជាមួយគ្នានោះ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយ បានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពី សិទ្ធិជាម្ចាស់ដីស្របច្បាប់ ។

បើតាមការលើកឡើងពីលោក ជា ប៊ុណ្ណា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដីស្រុកពញាក្រែក បានឲ្យដឹងថា ៖ ការអនុវត្តការងារចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ របស់ក្រុមទី២ ប្រចាំស្រុកពញាក្រែក បានរៀបចំបិទផ្សាជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ មកពិនិត្យ ឈ្មោះ .ថ្ងៃខែឆ្នាំកំណើត.រូបរាងដី.ទំហំដី.ប្រភេទទ្រព្យ. ចំនួន៤ភូមិ នៅភូមិចំនួន៤ រួមមានភូមិស្រះ ត្រពាំងថ្ម ត្រពាំងឈ្លើង និងភូមិខ្សាក ក្នុងឃុំពពេល ស្រុកពញាក្រែក ដែលមានក្បាលដីសរុបចំនួន៣១៥៦ក្បាលដី ក្នុងនោះរួមមាន ៖ ភូមិស្រះ មានចំនួន៤៤៤ក្បាលដី ភូមិត្រពាំងឈ្លើង មានចំនួន៥៥៣ក្បាលដី ភូមិត្រពាំងថ្ម មានចំនួន ៦១៨ក្បាលដី និងភូមិខ្សាក មានចំនួន១៥៤១ក្បាលដី៕