បណ្តាញសង្គម

មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល និងក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ ខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តម ចេង ប៊ុនណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតិ ក្នុងកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ ដើម្បីតាមដាន និងគ្រប់គ្រងករណីជំងឺគ្រុនចាញ់ ឈានឆ្ពោះទៅរកការលុបបំបាត់ ករណីជំងឺគ្រុនចាញ់ ស្របតាមទិសដៅលុបបំបាត់ជំងឺ ក្នុងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាល ប្រជុំតូច មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អាគារសាលាខេត្ត (ជាន់ទី២) ទល់មុខការិយាល័យ ឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានអញ្ជើញចូលរួម ពីសំណាក់ អភិបាល អភិបាលរងក្រុង/ស្រុក ទាំង ៧ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត ប្រធាន-អនុប្រប្រធានការិយាល័យស្រុកប្រតិបត្ត កងរាជអាវុធហត្ថខេត្ត និង អ្នកពាក់ព័ន្ធជាច្រើនរូប ។

មានមតិចំណាប់អារម្មណ៍ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា ការងារបង្កា និងគ្រប់គ្រងស្ថានភាព នៃជំងឺគ្រុនចាញ់ នាពេលកន្លងមក ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ គឺទទួលជោគជ័យមួយកម្រិតទៀត ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមទិសដៅដែលបានកំណត់ សម្រាប់ត្រីមាសទី ៤ ឆ្នាំ២០២៣នេះ ។

ទាំងនេះ ស្តែងឲ្យឃើញពីការគាំទ្រ និងចូលរួមពីក្រសួងសុខាភិបាល, កម្មវិធីថ្នាក់ជាតិ, អង្គការជាដៃគូ, មន្ត្រីសុខាភិបាល, អាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធ, មន្ទីរវិស័យ, អ្នកស្ម័គ្រចិត្ត ប្រជាពលរដ្ឋ ដែលបានធ្វើឲ្យសកម្មភាព កម្មវិធីប្រព្រឹត្តទៅយ៉ាងរលូន ជាហេតុធ្វើឲ្យមានការទប់ស្កាត់ជម្ងឺ មិនឲ្យរីករាលដាល និងព្យាបាលទាន់ពេលវេលា ដោយពុំទាន់មានអ្នកស្លាប់ដោយជម្ងឺគ្រុនចាញ់ឡើយ និងធ្វើឲ្យចំនួនជំងឺគ្រុនចាញ់ ធ្ងន់ធ្ងរ (Pf) មានការធ្លាក់ចុះ ។

ក្នុងឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ បានថ្លែងថា ច្រើនឆ្នាំមកនេះ ការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ មានការធ្លាក់ចុះ។

តាមរយៈលទ្ធផលដែលបានបង្ហាញ ដោយមន្ត្រីជំនាញពីបញ្ហាគ្រុនចាញ់នេះ បង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យទទួលបានជោគជ័យទៅតាមផែនការ ដែលបានដាក់ចេញ។

ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ព្រមទាំងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្រ្ដ បានធ្វើការបេ្ដជ្ញាចិត្ដ ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ដទៀតថា ការលុបបំបាត់ ទាមទារឲ្យមានការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមាន ការសម្របសម្រួលរវាងមជ្ឈមណ្ឌល ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹង ដៃគូអភិវឌ្ឍន៍នានា។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានសំណូមពរដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវមានទំនួលខុសត្រូវខ្ពស់លើការងារបញ្ហាប្រឈម និង ដំណោះស្រាយផ្សេងៗ ក្នុងការយល់ដឹង ពីជំងឺគ្រុនចាញ់ អ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី សូមជួយអប់រំឲ្យមានភាពទូលំទូលាយ ដល់ប្រជាពលរដ្ឋ ណែនាំបន្ត តាមគ្រប់រូបភាព គ្រប់សកម្មភាព ដល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជំងឺគ្រុនចាញ់ នៅតាមមូលដ្ឋានដែលមានការលំបាក ក្នុងការគ្រប់គ្រងទិន្នន័យប្រជាជនប្រឈមនឹងជំងឺគ្រុនចាញ់។

ជាពិសេសអាជ្ញាធរដែនដី ត្រូវសហការជួយធ្វើក្នុងការរៀបចំ និងផ្តល់ព៌ត័មានពីបញ្ហាជំងឺគ្រុនចាញ់ និងត្រូវធ្វើបច្ចុប្បន្នភាព សកម្មភាព អន្តរាគមន៍នានា ដូចជាកាចែកមុង, អប់រំពីបញ្ហាការការពារពីជំងឺគ្រុនចាញ់ នឹងស្នើសុំអ្នកពាក់ព័ន្ធ៕