បណ្តាញសង្គម

ឯកឧត្តម ទ្រី មេង ដឹកនាំគគណៈកម្មការអន្តរក្រសួង បន្តចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាប្រចាំ ផ្លូវក្រាលក្រួសក្រហម និងក្រួសអាចម៍ផ្កាយ ចំនួន ១៤ខ្សែ ប្រវែងសរុប ១២១.៤៥៥ ម៉ែត្រ ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំ២០២៣

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តអញ្ជើញចុះត្រួតពិនិត្យ និងវាយតំលៃដំណាក់កាលទី ២ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១៤ខ្សែ ជាប្រភេទក្រាលក្រួសក្រហម ក្រួសអាចម៍ផ្កាយ មានប្រវែងសរុប ១២១,៤៥៥ ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅស្រុកអូររាំងឪ ស្រុកមេមត់ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងដំណើរចុះត្រួតពិនិត្យ ក៏មានអញ្ជើញអមដំណើរពីសំណាក់ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួង ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួង និងលោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។

បើតាមការបញ្ជាក់ របស់ លោក អាន ស៊ីណា ប្រធានអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការងារថែទាំជាប្រចាំផ្លូវចំនួន ១៤ខ្សែ នេះ ជាប្រភេទក្រាលក្រួសសក្រហម និងក្រួសអាចម៍ផ្កាយ ដែលមានប្រវែងសរុប ១២១,៤៥៥ ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និង ៦ម៉ែត្រ ប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ ហើយត្រូវបានអនុវត្តន៍ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតនៅរវាងភូមិសាស្រ្ត ស្រុកអូររាំងឪ ស្រុកមេមត់ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក ប្រធានអភិវឌ្ឍន៍ជនបទខេត្ត បានបន្តថា គម្រោងសកម្មភាពសាងសង់ផ្លូវ ការស្តារ និងកែលម្អផ្លូវលំ តាមភូមិ ឃុំ នេះ គឺជាការរួមចំណែកដល់ការតភ្ជាប់គ្នារវាងភូមិ នឹងឃុំ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីភូមិមួយ ទៅភូមិមួយ និងពីឃុំមួយ ទៅឃុំមួយ ព្រមទាំងងាយស្រួលដល់ការដឹកជញ្ជូនដំណាំកសិផលកសិកម្មទៅកាន់ទីផ្សារ និងបានបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ នៅពេលដែលពួកគាត់ មានជំងឺងាយស្រួលដឹកទៅមណ្ឌលសុខភាពព្យាបាលជំងឺ ជៀសវាងហានិភ័យផ្សេងៗដល់អ្នកជំងឺ និងប្រជាពលរដ្ឋ ជាពិសេសទៀតនោះងាយស្រួលដល់សិស្សានុសិស្សក្នុងការធ្វើដំណើរ ទៅសិក្សានៅឯសាលារៀន និងងាយស្រួលដល់ប្រជាពលរដ្ឋ ទៅរកសេវារដ្ឋបាលសាធារណៈ ដែលជាសេវាតម្រូវការមូលដ្ឋានជាដើម។

លោក អាន ស៊ីណា បានគូសបញ្ជាក់ថា ការស្ថាបនាហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់តាំងពីទីក្រុង រហូតដល់ទីជនបទជាច្រើន ដែលមានឡើងមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារតែប្រទេសមានសុខសន្ដិភាពពេញពេល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទន្ទឹមនោះ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ត្រូវបន្តចូលរួមឱ្យបានយ៉ាងសកម្ម ក្នុងការថែរក្សាផ្លូវទាំងនេះ ដោយទប់ស្កាត់ឱ្យបាននូវការផ្ទុកលើសទម្ងន់កំណត់ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង។

សូមបញ្ជាក់ជូនថា ក្រោយពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗ រួចមកជាលទ្ធផលគណៈកម្មការអន្តរក្រសួង បានប្រជុំសម្រេចឯកភាពទទួលយក ១០០% សម្រាប់ការអនុវត្តដំណាក់កាលទី ២ នេះ៕