បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ប្រគល់កុំព្យូទ័រយួរដៃ ចំនួន៥៥គ្រឿង ព្រមទាំងថវិកា ដែលជារង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៥នាក់ទូទា

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កុំព្យូទ័រយួរដៃ (computer latop) ចំនួន៥៥គ្រឿង ព្រមទាំងថវិកា ជារង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៥នាក់ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប៤.០៧០នាក់ ក្នុងខេត្តត្បូងឃ្មុំ ។

 

ក្នុងឳកាសសំណេះសំណាលផ្តល់រង្វាន់ និងថវិកាលើកទឹកចិត្តសិស្សឆ្នើមនិទ្ទេសA ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនរូបទៀត។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានប្រគល់ថវិកា ដល់លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស ជាការអរគុណដែលខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ រហូតក្មួយៗទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះផងដែរ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរក្មួយៗទាំង៥៥រូប និងលោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្ស ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត បានផ្តល់ជាអនុសាសន៍ទូន្មានដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងបានលើកយកនៅអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ចំណុចយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ ដោយបន្ថែមបច្ចេកវិទ្យា និងបន្តកំណត់យក មនុស្សជាអាទិភាពទី១ផងដែរ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្ស យកសម្ភារៈសិក្សា និងថវិកាដែលផ្តល់ជូន ទៅប្រើប្រាស់ឲ្យចំគោលដៅ ខិតខំប្រឹងប្រែងរៀនសូត្របន្ត នាថ្នាក់ឧត្តមសិក្សា ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យនាជំនាន់ក្រោយៗទៀត ខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានការលើកទឹកចិត្តដូចគ្នាបែបនេះ ពិសេសត្រូវចង់ចាំថា ចំណេះវិជ្ជាជាស្ពានឈានទៅរកជោគជ័យនិងកិត្តិយស សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល ដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់ នាសព្វថ្ងៃនេះក្នុងការបន្តអភិឌ្ឍន៍ប្រទេសជាតិ។

បើតាមរបាយការណ៍របស់លោកស្រី ហេង ដាឡែន ប្រធានស្តីទីមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានឲ្យដឹងថា ៖ ក្នុងឆ្នាំ២០២៣នេះ មានប្អូនៗជាបេក្ខជនមកប្រឡងសរុបចំនួន ៥,៥៦៥នាក់ ស្រីចំនួន ៣,១៤៣នាក់ បេក្ខជនដែលបានមកប្រឡងសរុបចំនួន៥,៤៩១នាក់ ស្រីចំនួន ៣,១១៣នាក់ បេក្ខជនប្រឡងជាប់សរុបចំនួន ៤,០៧០នាក់ ស្រី ២,៤២៦នាក់ ដែលស្មើនឹង ៧៤.១២ ភាគរយ ក្នុងនោះសិស្សនិទ្ទេសA ៥៥នាក់ ស្រី ៣៨នាក់ សិស្សនិទ្ទេសB ២៣៩នាក់ ស្រី ១៥៣នាក់ សិស្សនិទ្ទេសC ៧២៣នាក់ ស្រី ៤៤៣នាក់ សិស្សនិទ្ទេស D ១,៤១៨នាក់ ស្រី ៨៨៣នាក់ សិស្សនិទ្ទេស E ១,៦៣៥នាក់ ស្រី ៩០៩នាក់។

លោកស្រី បន្តថា ៖ ចំពោះបេក្ខជនជាប់និទ្ទេសA ទាំង៥៥នាក់ ស្រី៣៨នាក់ រួមមាន៖ ក្រុងសួង សរុបចំនួន៩នាក់, ស្រុកពញាក្រែក សរុបចំនួន៩នាក់, ស្រុកត្បូងឃ្មុំសរុបចំនួន១៤នាក់, ស្រុកតំបែរសរុបចំនួន៥នាក់, ស្រុកអូរាំងឳ សរុប ចំនួន៩នាក់, ស្រុកក្រូចឆ្មាសរុបចំនួន ៦នាក់, ស្រុកមេមត់សរុបចំនួន៣នាក់។

បើប្រៀបធៀបការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នួ ឆ្នាំ២០២២ យើងសង្កេតឃើញថា សិស្សប្រឡងជាប់និទ្ទេសA មានការកើនឡើង ពី ២៩នាក់ ដល់៥៥នាក់ (កើន ២៦នាក់)៕