បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៣នេះ ដែលបានមកស្នាក់នៅតាមផ្ទះសំណាក់ ក្នុងក្រុងសួង និងស្រុកត្បូងឃ្មុំ

យប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៣នេះ ដែលបានមកស្នាក់នៅតាមផ្ទះសំណាក់ ក្នុងក្រុងសួង និងស្រុកត្បូងឃ្មុំ ។

មានប្រសាសន៍ទោកាន់ក្មួយៗសិស្សានុសិស្សដែលស្នាក់នៅតាមផ្ទះសំណាក់នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេល០២ថ្ងៃនេះ ខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃ ក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡងសាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។

ឯកឧត្ដមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា បើប្អូនៗប្រឡងជាប់និទ្ទេស A សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ជូនកុំព្យូទ័រ១គ្រឿង ជាលើកទឹកចិត្តក្នុងការប្រឡងនេះ តាមរយៈឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តដោយផ្ទាល់តែម្តង ។

ខណៈដែលថ្លៃស្នាក់នៅ និងការផ្ញើកង់ម៉ូតូ របស់ក្មួយៗ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវ ក៏បានរ៉ាប់រងផ្តល់ជូនប្អូនៗក្មួយៗ ដោយឥតគិតថ្លៃផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ ត្រូវចុះទៅណែនាំដល់មន្ទីរសុខាភិបាល អាជ្ញាធមានសមត្ថកិច្ចត្រូវត្រៀមគ្រូពេទ្យ ថ្នាំសង្កូវ រថយន្តសង្រ្គោះបន្ទាន់ និងត្រៀមកំលាំងការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពេលប្រឡងរយៈពេល២ថ្ងៃនេះ ឲ្យបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្ថែមថា ទីតាំងដែលផ្ដល់ជូនការស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់បេក្ខជនប្រឡងនាឱកាសនោះ សរុបចំនួន៣៦ផ្ទះសំណាក់ ក្នុងនោះរួមមាន ក្រុងសួង មានចំនួន១២ផ្ទះសំណាក់ និងស្រុកត្បូងឃ្មុំ មានចំនួន២៤ផ្ទះសំណាក់ ។

សូមជម្រាបថា: ចំពោះខេត្តត្បូងឃ្មុំ មានមណ្ឌលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតុយភូមិសម្រាប់ឆ្នាំ២០២៣ មានចំនួន ០៩មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល និងមានបន្ទប់ប្រឡងចំនួន ១៩៦ បន្ទប់។

សូមរំលឹកកន្លងមកនេះឆ្នាំសិក្សា២០២១-២០២២ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ធ្លាប់បានផ្ដល់ជូនបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប ទាំងអស់នៅទូទាំងខេត្ត សម្រាប់កន្លែងស្នាក់ និងផ្ញើរកង់ម៉ូតូដោយឥតគិតថ្លៃម្តងរួចទៅហើយ នេះជាលើកទី៣ ហើយដែលឯកឧត្តមបណ្ឌិត អភិបាលខេត្ត តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំ៕