បណ្តាញសង្គម

ព្រះសង្ឃជិត ៣០០អង្គ និមន្តចូលរួមដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃមកពីបណ្តាវត្តអារាមនានា ក្នុងរាជធានីភ្នំពេញ ចំនួនជិត ៣០០ អង្គ និមន្តទស្សនកិច្ចសិក្សាស្វែងយល់ ពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដែលជាកន្លែងតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយបានដឹងនាំកម្លាំង ដើម្បី ការពារ សន្តិសុខ និងរៀបចំ កន្លែងឆាន់ចង្ហាន់ ពេលថ្ងៃត្រង់ ជូន ប្រតិភូព្រះមន្រ្តីសង្ឃ សាលារាជធានី និងសាលាអនុគណខ័ណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ប្រតិភូ និងអ្នកពាក់ព័ន្ធជាច្រើនរូប ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងដោយមានការនិមន្តចូលរួមពីសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញអំពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់លោកគ្រូអ្នកគ្រូ ឱ្យបានយល់ជ្រួតជ្រាប អំពីទីតាំងដែលសម្ដេចបានគិតទុក និងធ្វើដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមគ្គុទ្ទេសក៍ថ្វាយ ក៏បានគោរពជូនគណៈប្រតិភូព្រះមន្ដ្រីសង្ឃសាលាគណរាជធានីភ្នំពេញ និងសាលាអនុគណខណ្ឌទាំង១៤ និមន្ដ និងអញ្ជើញ ទៅទស្សនកិច្ចសិក្សាអំពីប្រវត្តិរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន ដកខ្លួនចេញរៀបចំចលនាតស៊ូ ដើម្បីរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។

គណៈប្រតិភូ បាននិមន្ត និងអញ្ជើញ ទស្សនានៅទីតាំងបន្ទាយវរសេនាធំ តំបន់២១ ដែលកាលនោះសម្ដេចតេជោ ជាមេបញ្ជាការ វរសេនាធំ រួចបានបន្តដំណើរទៅទីតាំងសាលាសម្រេច ជាទីកន្លែងសម្តេចតេជោ និងយុទ្ធមិត្ត ឈប់សម្រាកពិភាក្សាដើម្បីរកទិសបន្តដំណើរទៅមុខទៀត។

តមក ព្រះសម្តេចសង្ឃ និងព្រះសង្ឃគ្រប់អង្គ បាននិមន្ដទៅបង្សុកូលនៅមហាចេតិយជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន និងបុព្វបុរសពលី មរណៈ ក្នុងបុព្វហេតុជាតិ ព្រមទាំងបាននិមន្តទស្សនាខ្សែវិដេអូសង្ខេបនៅក្នុងអគារមិត្តភាពផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានទូលប្រគេន ព្រះថេរា នុត្ថេរៈ រួមនឹងប្រតិភូ ដែលនិមន្ត និងអញ្ជើញ ចូលរួមដំណើរទស្សនកិច្ចនាពេលនោះ អំពីគោលបំណងធំៗ រួមមានចំនួន បី គឺ៖ ១.ការសិក្សាស្វែងអំពីវីរភាពពិត របស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីសង្គ្រោះជាតិកម្ពុជាពីរបបខ្មែរក្រហម, ២.ការចុះមកសិក្សាស្វែងយល់ដល់ទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង ដែលស្ថិតនៅជាប់បន្ទាត់ព្រំដែន កម្ពុជា-វៀតណាម និង ៣.ការប្រែក្លាយ និងអភិវឌ្ឍតំបន់ជាប់ព្រំដែន ជាពិសេសតំបន់ X16 នេះ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលនាពេលខាងមុខ សម្រាប់ខេត្តត្បូងឃ្មុំ។

បន្ថែមលើនេះ ឯកឧត្តមអភិបាលរងរាជធានី បន្តថា បើគ្មានការសម្រេចចិត្តត្រឹមត្រូវ ក្នុងការចាប់ផ្ដើម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នាពេលនោះទេ ក៏គ្មានអ្វីៗគ្រប់យ៉ាង ដូចនៅពេលបច្ចុប្បន្ននេះទេ។

សូមរំលឹកផងដែរថា ទីតាំងចំណុចX-16 ជាចំណុចភូមិសាស្ត្រ នៅលើបន្ទាត់ព្រំដែន នៃព្រំប្រទល់កម្ពុជា-វៀតណាម ដែលមានទីតាំងស្ថិតនៅចំណុចអាងដាច់ត្រពាំងថ្ពរ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (កម្ពុជាប្រជាធិបតេយ្យ៖ តំបន់២១ ភូមិភាគបូព៌ា)។

ហើយតំបន់ ២១ នេះ គឺជាកន្លែងដែលពួកកម្លាំងមជ្ឈិមបោសសម្អាតកម្មាភិបាលប្រជាជនអស់ច្រើន និង សាហាវយង់ឃ្នងព្រៃផ្សៃខ្លាំងណាស់។ ខ្មែរក្រហមធ្វើសកម្មភាពបោសសម្អាតតំបន់ទាំងនេះ ជាងកន្លែងណាៗទាំងអស់។ ទីតាំង X-16 ជាចំណុចផ្តើមនៃដំណើរការតស៊ូមួយ ដែលចាប់ផ្តើម ពីសមមិត្ត ចំនួន ៥ រូប ហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ជំហាន។

ជាលទ្ធផល ដោយសារតែការសម្រេចចិត្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយ វីរជនកម្ពុជាបានឆ្លងផុតសមុទ្រគ្រោះថ្នាក់ ហើយបង្កើតជាកម្លាំងធំ ឈានទៅរកការសង្គ្រោះជាតិចេញផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕