បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈកម្មការខេត្ត ត្រួតពិនិត្យការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្ត នាថ្ងៃទី ៦-៧ វិច្ឆិកាខាងមុខនេះ

នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ សឿ សុជាតា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តត្បូងឃ្មុំ និងលោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បើកកិច្ចប្រជុំគណៈកម្មការខេត្ត ត្រួតពិនិត្យការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ(ក) សាលាខេត្តត្បូងឃ្មុំ។មានប្រសាសន៍នាឱកាសនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធក្នុងខេត្ត ត្រូវត្រៀមលក្ខណៈសម្បត្តិសំខាន់ៗ ចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដើម្បីធ្វើយ៉ាងណាឲ្យបេក្ខជនបានចូលរួមប្រឡង ដោយមិនមានបញ្ហារាំងស្ទះ ។

លោកជំទាវ អភិបាលរងខេត្ត បានណែនាំបន្ថែមដល់អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តទាំងអស់ ត្រូវពង្រឹងការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃការប្រឡងទាំងក្នុង និងក្រៅមណ្ឌលប្រឡង ត្រូវធានាបាននូវបរិយាកាសល្អ មិនត្រូវបណ្ដាយឲ្យមានបាតុភាពមិនប្រក្រតីណាមួយកើតមានឡើងបានឡើយ។

ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះកិច្ចសហការពីរដ្ឋបាលខេត្តត្បូងឃ្មុំ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យទទួលបានជោគជ័យជារៀងរាល់ឆ្នាំ ហើយកិច្ចសហការ រួមគ្នានេះ បង្ហាញពីស្មារតីសាមគ្គីគ្នា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងធនមនុស្សពិតប្រាកដ សម្រាប់យកមកអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនបានឆាប់រហ័ស។

បើតាមរបាយរបស់លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានលើកឡើងថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់ខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ មានចំនួន ៩មណ្ឌលប្រឡង ដែលក្នុងនោះ មណ្ឌលប្រឡងក្នុងសាលាបឋមសិក្សា និង មធ្យមសិក្សា ស្ថិតក្នុងក្រុងសួង និង ស្រុកត្បូងឃ្មុំ មានចំនួន ២២៧បន្ទប់ មានបេក្ខជនសរុប៥៦៤០នាក់ ស្រី៣១៤៣នាក់។

ថ្នាក់វិទ្យាសាស្រ្ដសង្គម មានចំនួន៦មណ្ឌល ស្មើនឹង១៥៨បន្ទប់ ក្នុងនោះ រួមមានមណ្ឌលវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន សួង មណ្ឌលអនុវិទ្យាល័យរស្មីកុមារ មណ្ឌលបឋមប្រជាកុមារសួង មណ្ឌលវិទ្យាល័យ ហ ស ខ្នារ មណ្ឌលបឋមសិក្សា ៧មករា និង មណ្ឌលវិទ្យាល័យសម្ដេចម៉ែ មានបេក្ខជនសរុប៣៩៣៤នាក់ ស្រី២០៦៥នាក់។

ថ្នាក់វិទ្យាសាស្រ្ត មាន៣មណ្ឌល ស្មើ៦៩បន្ទប់ រួមមាន មណ្ឌលបឋមសិក្សា ស ខេង ខ្នារ មណ្ឌលសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងមណ្ឌលវិទ្យាល័យតេជោសែនត្បូងឃ្មុំ មានបេក្ខជនសរុប ១៧០៦នាក់ ស្រី១០៧៨នាក់ ។

គូសបញ្ជាក់ដែរថា : សម្រាប់ការស្នាក់នៅរបស់ក្មួយៗសិស្សានុសិស្សដែលមកប្រឡងបាក់ ឌុប ទូទាំងខេត្ត ត្រូវបានឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ផ្ដល់ជូនកន្លែងស្នាក់នៅ និងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាមុខនេះ៕