បណ្តាញសង្គម

លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា លើកទី ៧០ ដែលប្រព្រឹត្តទៅនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ

(ត្បូងឃ្មុំ) ៖ លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា លើកទី ៧០ ដែលកម្ពុជាដណ្ដើមបានឯករាជ្យពីអាណានិគមបារាំង និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ១៩៥៣-២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងបរិវេណតំបន់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តត្បូងឃ្មុំ ជាន់ទី ២ ដោយមានការចូលរួមពីសំណាក់ នាយករង រដ្ឋបាលសាលាខេត្ត កម្លាំងទាំង បី ប្រភេទ ប្រធាន-អនុប្រធានមន្ទីជុំវិញខេត្ត អាជ្ញាធរ ក្រុង/ស្រុក ទាំង ៧ ទីចាត់ការជំនាញរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការរៀបចំពិធីនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងសម្តែងនូវទឹកចិត្តសោមនស្សរីករាយ និងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលមហាកម្លាំង មហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញនូវ ឯករាជ្យជាតិមួយដ៏ពេញបរិបូណ៍ ពីអាណានិគមនិយមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងកិច្ចប្រជុំ ក៏មានការលើកឡើង នូវចំណុចខ្លាំង ចំណុចខ្សោយ និងការចូលរួមមតិ ពីសំណាក់ភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណា ឱ្យការប្រារព្ធពិធីដ៏មានអត្ថន័យនេះ ប្រព្រឹត្តទៅដោយរលូន ។

ថ្លែងជាបន្ត លោក សេង ជ័យវុធ បានស្នើកងកម្លាំង ព្រមទាំងមន្ទីរ-អង្គភាព និងក្រុមការងារពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អនុវត្តផែនការណែនាំរបស់រដ្ឋបាលខេត្ត និងកម្មវិធីដែលបានគ្រោងទុក ប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីអង្គពិធីប្រព្រឹត្តទៅដោយរលូន ។

ជាមួយគ្នានេះ លោក នាយករដ្ឋបាលសាលាខេត្ត ក៏បានស្នើដល់កងកម្លាំងទាំង បីប្រភេទ សហការជាមួយរដ្ឋបាលខេត្ត ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងត្រូវមានក្រុមគ្រូពេទ្យត្រៀមឡានពេទ្យសង្គ្រោះបន្ទាន់ និងថ្នាំសង្កូវ ដើម្បីជួយសង្គ្រោះ ក្នុងគ្រាដែលមានបញ្ហាអ្វីមួយកើតឡើងជាយថាហេតុ ជូនអង្គពិធីនៅមុនពេល ក្នុងពេល និងក្រោយបញ្ចប់អង្គពិធីផងដែរ ៕