បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរផែនការខេត្ត បន្តចុះធ្វើសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក ក្នុងមូលដ្ឋានស្រុកអូរាំងឪ សម្រាប់ឆ្នាំ ២០២៤-២០២៦

 (ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកអូរាំងឪ ឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាសមាហរណកម្មផែនការ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក របស់ស្រុកអូរាំងឪ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរផែនការខេត្ត។

សិក្ខាសាលានេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូរាំងឪ អភិបាលរងស្រុក អជ្ញាធរស្រុក/ឃុំ ស្ថាប័នមន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងទាំង បី ប្រភេទ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូរាំងឪ បានលើកឡើងថា សិក្ខាសាលាគឺ ផ្តើមចេញពីផែនការអភិវឌ្ឍន៍ប្រាំឆ្នាំរបស់រដ្ឋបាល រាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ យោងតាមគោលការណ៍ណែនាំ និងឯកសារពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ទៅតាមជំហាននិមួយៗ ឆ្លងកាត់ការពិគ្រោះយោបល់ពីភាគីអ្នកពាក់ព័ន្ធនានា ពីដំណាក់កាលមួយទៅដំណាក់កាលមួយ តាមនីតិវិធី ដោយរៀបចំបែបបទតាមច្បាប់ដែលបានកំណត់នៅក្នុងប្រតិទិនការងារ តាមរយៈការធ្វើសមាហរណកម្ម និងកម្មវិធីវិនិយោគ នាពេលនេះ។

នាឱកាសនោះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានប្រសាសន៍ថា សកម្មភាព នៃការរៀបចំ ធ្វើសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគក្រុង/ស្រុក ឆ្នាំ២០២៤ នាឱកាសនេះ គឺជាសក្ខីភាពមួយដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការប្រតិបត្តិច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ/សង្កាត់ នូវអនុក្រឹត្យស្តីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រកាសស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីណែនាំបច្ចេកទេស ស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ស្រុក និងគោលការណ៍ណែនាំស្តីពីការកសាងកម្មវិធីវិនិយោគរបស់ឃុំ/សង្កាត់។

តមក រដ្ឋបាលឃុំ ទាំង ៧ របស់ស្រុកអូរាំងឪ ក៏បានធ្វើបទបង្ហាញ នូវគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលនឹងដាក់ស្នើសុំការគាំទ្រក្នុងអង្គសិក្ខាសាលានៅពេលនោះផងដែរ ។

បើតាមការបញ្ជាក់ពី លោក អ៊េង ណារ៉េត ប្រធានមន្ទីរផែនការខេត្ត បានឱ្យដឹងថា របាយការណ៍បូកសរុបលទ្ធផលសិក្ខាសាលា រួមមាន ៖ ១-គម្រោងកម្មវិធីវិនិយោគស្រុកសរុប ១១៤ គម្រោង មានដូចជា .ផ្នែកសេដ្ឋកិច្ចមាន ៥០គម្រោង .ផ្នែកសង្គមកិច្ចមាន ៤០គម្រោង .ផ្នែកធនធានធម្មជាតិមាន ចំនួន ១០គម្រោង និង .ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានចំនួន ១៤គម្រោង។

និង ២.គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំសរុប ៣៤២គម្រោង មានដូចជា .ផ្នែកសេដ្ឋកិច្ច មានចំនួន ៩៩គម្រោង .ផ្នែកសង្គមកិច្ចមានចំនួន ១៥២គម្រោង .ផ្នែកធនធានធម្មជាតិ ចំនួន ៣១គម្រោង និង .ផ្នែករដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមាន ចំនួន ៦០គម្រោង ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានបន្តប្រសាសន៍ថា តាមរយៈសកម្មភាព និងលទ្ធផលនៃសិក្ខាសាលាសមាហរណកម្មនេះ ត្បិតការគាំទ្រឈានដល់ការចុះកិច្ចព្រមព្រាងបណ្តោះអាសន្នរវាងរដ្ឋបាលស្រុក រដ្ឋបាលឃុំ និងមន្ទីរជំនាញការិយាល័យ អង្គការសង្គម ស៊ីវិលនិងសប្បុរសជន មិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋានបានពេញលេញ តែសកម្មភាពនេះជាសក្ខីកម្ម នៃកិច្ចសហការក្នុងការកៀរគរធនធានសម្រាប់គាំទ្រ គម្រោងវិនិយោគនានា ដែលលើកឡើងដោយឃុំ សង្កាត់ ផងដែរ ។

ឯកឧត្តមអភិបាលរង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មិនអាចរំលងបានក្នុងការសម្របសម្រួល និងធ្វើឱ្យមានសង្គតិភាពរវាងគម្រោងនៃកម្មវិធីវិនិយោគស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគ ឃុំ និងដើម្បីបង្កើនទំនាក់ទំនងល្អ តាមរយៈការពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងភាគីពាក់ព័ន្ធនានា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បន្តមកយុទ្ធសាស្រ្តបញ្ចកោណ និងទិសដៅកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។ឯកឧត្តម ម៉ៅ ឌុង បានបន្ថែមថា សមិទ្ធផលខាងលើនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់លាស់ អំពីដំណើរគ្រប់គ្រងដឹកនាំដ៏ត្រឹមត្រូវប្រកដោយប្រសិទ្ធភាពខ្ពស់ នៅក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងប្រកបដោយសុខុមាលភាព និងសុខដុមរនា។

ជាពិសេសរដ្ឋបាលឃុំ រដ្ឋបាលស្រុក ត្រូវបង្កើនកិច្ចសហការក្នុងការ អនុវត្តគម្រោងនានាឱ្យទទួលបានលទ្ធផលល្អប្រសើរទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង ហេដ្ឋារចនាសម្ព័ន្ធអរូបវ័ន្ត ដើម្បីពន្លឿននូវការកាត់បន្ថយអត្រាភាពក្រីក្ររបស់ប្រជា- ពលរដ្ឋនៅមូលដ្ឋាន។

ទន្ទឹមនោះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានបន្តលើកឡើង នូវចំណុចសំខាន់ៗ មួយចំនួន រួមមាន៖ ១- សំណូមពរអជ្ញា ឃុំ / ស្រុក និងមន្ត្រីបច្ចេកទេសរបស់ទីចាត់ការផែនការ វិនិយោគ ត្រូវយកចិត្តទុកដាក់ពិនិត្យការអនុវត្តគម្រោងត្រូវឱ្យក្រុមហ៊ុនសាងសង់ធ្វើឱ្យមានគុណភាពធានាបានការប្រើប្រាស់ល្អជូនប្រជាពលរដ្ឋ។

២.គោលនយោបាយរាជរដ្ឋាភិបាលបណ្ដុះបណ្ដាលយុវជន ១.៥លាននាក់ ដែលនឹងរៀបចំដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងមានការសម្របសម្រួលពីមន្ទីរការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈខេត្ត ។

៣. ការផ្ដល់មន្រ្តីកសិកម្មតាមមូលដ្ឋានឃុំ នីមួយៗ ។

៤.ការផ្ដល់ជូនសេវាសុខាភិបាល ជូនគ្រួសារងាយរងហានិភ័យ និងគ្រួសាររងគ្រោះទឹកជំនន់ ដែលទទួលបានពីជំនួយសង្គម ។

និង ៦. សំណូមពរ រដ្ឋបាល ស្រុក ឃុំ បន្តស្វែងរកការគាំទ្របន្តពីមន្ទីរជំនាញ អង្គការដៃគូរ ចូលរួមជួយអភិវឌ្ឍន៍មូលដ្ឋាន ៕