បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរផែនការខេត្ត សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក ក្នុងមូលដ្ឋានស្រុកតំបែរ សម្រាប់ឆ្នាំ ២០២៤-២០២៦

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក ក្នុងមូលដ្ឋានស្រុកតំបែរ សម្របសម្រួលដោយមន្ទីរផែនការខេត្តត្បូងឃ្មុំ។

 

សិក្ខាសាលានេះប្រព្រឹត្តទៅ នៅសាលប្រជុំសាលាស្រុកតំបែរ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរផែនការខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន-អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរស្រុក/ឃុំ អង្គរការសង្គមស៊ីវិល កម្លាំងទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

មានមតិស្វាគមន៍ លោកស្រី យេ វណ្ឌី អភិបាលរងស្រុកតំបែរ បានជម្រាបជូនអង្គសិក្ខាសាលា អំពីកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក និងឃុំ ដោយផ្តើមចេញពីផែនការអភិវឌ្ឍន៍ប្រាំឆ្នាំរបស់រដ្ឋបាលស្រុក និងឃុំ ដែលបានរៀបចំឡើង យោងតាមគោលការណ៍ណែនាំគោលនយោបាយរបស់ក្រុមប្រឹក្សាស្រុក រួមនឹងឯកសារពាក់ព័ន្ធ ទៅតាមជំហាន និងឆ្លងកាត់ការពិគ្រោះយោបល់ពីអ្នកពាក់ព័ន្ធនានា ពីដំណាក់កាលមួយទៅដំណាក់កាលមួយ តាមនីតិវិធី និងរៀបចំបែបបទដែលបានកំណត់នៅក្នុងប្រតិទិនការងារ។

នាឱកាសនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានលើកឡើងថា សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំ រំកិលថ្នាក់ស្រុក របស់ស្រុកតំបែរ នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់រដ្ឋបាលស្រុក និងឃុំ ដើម្បីបម្លែងងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍ ផែនការអភិវឌ្ឍខេត្ត ឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ សម្រាប់ បី ឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

លោកជំទាវបានបន្តថា កម្មវិធីវិនិយោគ ជាឧបករណ៍សំខាន់សម្រាប់បង្ហាញនូវគម្រោងសកម្មភាព ឬសេវាអាទិភាពនានារបស់រដ្ឋបាលខេត្ត ស្រុក ឃុំ ដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗ ឈរលើទស្សនៈរួម ដែលបានកំណត់ អំពីតួនាទីមិនអាចខ្វះបាននៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងបង្កើតធាតុចូល និងអាចធានាបានថាដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រួមចំណែកកំណើនសេដ្ឋកិច្ចនៅទូទាំងខេត្តត្បូងឃ្មុំ។

តមក រដ្ឋបាលឃុំ ទាំង ៧ ក្នុងស្រុកតំបែរ ក៏បានធ្វើបទបង្ហាញ នូវគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលនឹងដាក់ស្នើសុំការគាំទ្រក្នុងអង្គសិក្ខាសាលានៅពេលនោះ រួមមាន ៖ ១-គម្រោងកម្មវិធីវិនិយោគស្រុកសរុប ៤៤ គម្រោង មានដូចជា .ផ្នែកសេដ្ឋកិច្ចមាន ១៩គម្រោង .ផ្នែកសង្គមកិច្ចមាន ១៤គម្រោង .ផ្នែកការប្រើប្រាស់ដីធ្លីការគ្រប់គ្រងធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ មាន ចំនួន ៦គម្រោង និង .ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានចំនួន ៥គម្រោង។ និង ២.គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំសរុប ២២២គម្រោង មានដូចជា .ផ្នែកសេដ្ឋកិច្ច មានចំនួន ៥៨គម្រោង .ផ្នែកសង្គមកិច្ចមានចំនួន ៩១គម្រោង .ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំ និងការប្រែប្រួលអាកាសធាតុមាន ចំនួន ៣៣គម្រោង និង .ផ្នែករដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមាន ចំនួន ៤០គម្រោង ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ចំពោះលោក-លោកស្រី ដែលបានយកចិត្តទុកដាក់ទាំងប្រាជ្ញាស្មារតី និងការទទួលខុសត្រូវ លើការធ្វើបទបង្ហាញស្តីពីគម្រោងអាទិភាព របស់ឃុំទាំង ៧ ក្នុងស្រុកតំបែរ ដើម្បីទទួលបានការគាំទ្រ នាពេលនេះ ។

ទន្ទឹមនោះ លោកជំទាវអភិបាលរងខេត្ត បានបន្តលើកឡើង នូវចំណុចសំខាន់ៗ មួយចំនួន រួមមាន៖ ១- សំណូមពរអជ្ញា ឃុំ / ស្រុក និងមន្ត្រីបច្ចេកទេសរបស់ទីចាត់ការផែនការ វិនិយោគ ត្រូវយកចិត្តទុកដាក់ពិនិត្យការអនុវត្តគម្រោងត្រូវឱ្យក្រុមហ៊ុនសាងសង់ធ្វើឱ្យមានគុណភាពធានាបានការប្រើប្រាស់ល្អជូនប្រជាពលរដ្ឋ។

២. ថវិកាវិភាចឃុំ-សង្កាត់ឆ្នាំ២០២៤នេះ នឹងកើនឡើងតាមឃុំតូចៗចំនួន ១០ម៉ឺនដុល្លារ ទៅ ២៥ម៉ឺនដុល្លារ (១០០០លានរៀល) សូមលោកមេឃុំ ក្រុមប្រឹក្សាឃុំ ប្រើប្រាស់ថវិកាឱ្យចំតម្រូវការប្រជាពលរដ្ឋ និងខិតខំបំរើប្រជាពលរដ្ឋឱ្យបានល្អសាកសមនឹងការគាំទ្ររបស់ប្រជាពលរដ្ឋបានបោះឆ្នោតឱ្យ។

៣.គោលនយោបាយរាជរដ្ឋាភិបាលបណ្ដុះបណ្ដាលយុវជន ១.៥លាននាក់ ដែលនឹងរៀបចំដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងមានការសម្របសម្រួលពីមន្ទីរការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈខេត្ត។

៤. ការផ្ដល់មន្រ្តីកសិកម្មតាមមូលដ្ឋានឃុំ នីមួយៗ ៥. ការផ្ដល់ជូនបណ្ណសមធម៌សុខាភិបាល ជូនគ្រួសារងាយរងហានិភ័យ និងគ្រួសាររងគ្រោះទឹកជំនន់ ដែលទទួលបានពីជំនួយសង្គម ។

និង ៦. សំណូមពរ រដ្ឋបាល ស្រុក ឃុំ បន្តស្វែងរកការគាំទ្របន្តពីមន្ទីរជំនាញ អង្គការដៃគូរ ចូលរួមជួយអភិវឌ្ឍន៍មូលដ្ឋានយើងបន្ថែមទៀតផងដែរ៕