បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ថ្នាក់ស្រុក/ក្រុង២០២៤-២០២៦ នៅស្រុកពញាក្រែក

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ថ្នាក់ស្រុក២០២៤-២០២៦ នៅស្រុកពញាក្រែក ក្រោមអធិបតីភាពឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

សិក្ខាសាលានេះ ធ្វើឡើងនៅសាលប្រជុំសាលាស្រុកពញាក្រែក ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល/អភិបាលរងក្រុងសួង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

បើតាមលើកឡើងរបស់លោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក បានឲ្យដឹងថា ៖ ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុកពញាក្រែកបានខិតខំបំពេញភារកិច្ចតាមមុខងារ និងតួនាទីតាមប្រព័ន្ធការងារថ្មីបានយ៉ាងល្អប្រសើរ ធ្វើយ៉ាងណាឱ្យមានភាពស៊ីសង្វាក់គ្នារវាងថ្នាក់មូលដ្ឋានឃុំ ស្រុក និងការិយាល័យ អង្គភាពជំនាញជុំវិញស្រុក ដោយមានការចូលរួមសហការពីសំណាក់អង្គការជាតិ អន្តរជាតិ សមាគម វិស័យឯកជន ជាពិសេសការចូលរួមដោយផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋ តាមរយៈការធ្វើសមាហរណកម្ម និងកម្មវិធីវិនិយោគដែលយើងកំពុងដំណើរការនេះផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ៖ សិក្ខាសាលានេះ មានគោលបំណងបង្ហាញនូវតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្សីនូវតម្រូវការអភិវឌ្ឍន៍ទំាងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះលោក-លោកស្រី ដែលផ្តើមចេញពីការយកចិត្តទុកដាក់ទាំងប្រាជ្ញាស្មារតី និងការទទួលខុសត្រូវ លើការធ្វើបទបង្ហាញស្តីពី គម្រោងជាអាទិភាព ដែលក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ លើកឡើងក្នុងអង្គសិក្ខាសាលានាឱកាសនេះ ។

ជាមួយនោះ ឯកឧត្តម បានលើកឡើង នូវចំណុចសំខាន់ៗ ចំនួន៣ ដើម្បីធ្វើឱ្យសិក្ខាកាមមានស្មារតី រួមគ្នាក្នុងការអនុវត្តផែនការវិនិយោគ ៣ឆ្នាំរំកិលនេះ ឲ្យបានល្អគឺ ៖ ទី១-ការប្រមូលព័ត៌មានស្តីពីតម្រូវការរបស់មូលដ្ឋានសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ទី២-ការរៀបចំសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងទី ៣-ការអនុម័តនិងការផ្សព្វផ្សាយកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ។

ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា សិក្ខាសាលានេះ និងធ្វើការពិភាក្សាយ៉ាងផុសផុល និងស៊ីជម្រៅដោយមានការវិភាគគ្រប់ជ្រុងជ្រោយតាមតារាងនៅក្នុងសកម្មភាពនីមួយៗ និងក្នុងសេចក្តីណែនាំបំពេញបន្ថែម លើសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់យោបល់ ដើម្បីប្រើប្រាស់ថវិកាវិនិយោគឱ្យចំគោលដៅនូវគម្រោងអាទិភាព ឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍក្នុងមូលដ្ឋានផងដែរ៕