បណ្តាញសង្គម

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាក.ប.ប ខេត្តត្បូងឃ្មុំ បន្តចុះអប់រំ ផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ២០០ នាក់ នៅសាលាវិទ្យាល័យជា ស៊ីម កណ្តាលជ្រុំ ក្នុងស្រុកពញាក្រែក

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីស៊ើបអង្កេតសាខា ក.ប.ប.ខេត្ត បន្តចុះធ្វើការអប់រំ ផ្សព្វផ្សាយ និងធ្វើបទបង្ហាញ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ២០០នាក់ នៅបន្ទប់តេស្ត ក្នុងបរិវេណវិទ្យាល័យជា ស៊ីម កណ្តាលជ្រុំ ស្ថិតនៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ  ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

 

ក្នុងឱកាសនោះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្ត បានលើកឡើងថា ការបន្តចុះផ្សព្វផ្សាយរបស់ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តត្បូងឃ្មុំ ជាបន្តបន្ទាប់នេះ គឺដោយយោងតាមកិច្ចព្រមព្រៀង ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសំណូមពរពីសំណាក់លោកជំទាវរដ្ឋមន្ត្រី នៃក្រសួងពាណិជ្ជកម្ម ក្នុងការអប់រំផ្សព្វផ្សាយ និងធ្វើបទបង្ហាញ ដោយផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ស្តីពីសុវត្ថិភាពម្ហូបអាហារ ចាប់តាំងពីមេត្តេយ្យសិក្សា ដល់ ឧត្តមសិក្សា និងអ្នកលក់ដូរក្នុងសាលារៀន ទូទាំងខេត្តត្បូងឃ្មុំទាំងមូល ដោយយ៉ាងតិច ២ លើក ក្នុង ០១ខែ រៀងរាល់ខែតាមផែនការដែលបានគ្រោងទុក ។

លោកប្រធានសាខា ក.ប.ប ខេត្ត បន្តថា ការចុះអប់រំផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបចំណេះដឹងបន្ថែមអំពី គុណភាព សុវត្ថិភាពម្ហូបអាហារ ដល់អ្នកប្រើប្រាស់ ដើម្បីជ្រើសរើសយកចំណីអាហារណាដែលល្អ សម្រាប់ បរិភោគ ឱ្យមានលក្ខណៈស្តង់ដា ហើយជាចំណីអាហារច្បាស់លាស់ប្រកបដោយគុណភាព ។

ទន្ទឹមនោះនាពេលបច្ចុប្បន្ននេះ ចំណីអាហារកាន់តែមានកើនឡើង ហើយការបង្រ្កាបពីសំណាក់មន្រ្តីជំនាញនៅតែបន្តអនុវត្តយ៉ាងសស្រាក់សស្រាំ សំដៅបង្កើនការការពារដល់សុខភាពអ្នកប្រើប្រាស់ និងជៀសវាងការប្រើប្រាស់ចំណីអាហារណា ដែលហួសសុពលភាព និងគ្មានកាលបរិច្ឆេតច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា បានគូសបញ្ជាក់ថា សាខា ក.ប.ប ខេត្តត្បូងឃ្មុំ បានបន្តអនុវត្តតាមច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ គឺតម្រូវអោយអាជីវករ សេវាករ និងពាណិជ្ជករ ទាំងអស់ ត្រូវបិទស្លាកតម្លៃលើមុខទំនិញ ឬសេវាកម្មគ្រប់ប្រភេទ ជាពិសេសតាមបណ្តាតំបន់ទេសចរណ៍ អោយបានខ្ជាប់ខ្ជួន ទូទាំងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេស ។

ដោយឡែក គ្រប់អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នោះទេ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សូមជម្រាបជូនថា លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្ត និងមន្ត្រីជំនាញ បានធ្វើបទបង្ហាញដល់ សិស្សានុសិស្ស ពាក់ព័ន្ធការងារបច្ចេកទេស ដោយមានបង្ហាញជាផ្ទាំងរូបភាព លើផលិតផលទំនិញនានាជាច្រើនមុខ ក្នុងការជ្រើសរើសទំនិញ ដែលមានគុណភាពល្អ ដើម្បីយកទៅប្រើប្រាស់ ជៀសវាងការទិញទំនិញដែលគ្មានគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញ ដែលមិនអនុលោមតាមច្បាប់ជាធរមាន ដែលបង្ករទុក្ខទោសដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងឱកាសនោះដែរ ក៏មានការលើកជាសំណួរ យ៉ាងផុសផុលពីសំណាក់ប្អូនៗក្មួយៗ ជាសិស្សានុសិស្ស ប្រមាណជាង ១០នាក់ ដោយបានឡើងចោទសួរទាក់ទងទៅនឹង ការប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់នៅលើទីផ្សារ និងបញ្ហាផ្សេងៗទៀត ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ ។

ជាមួយគ្នានោះ មន្ត្រីជំនាញ ក.ប.ប ខេត្ត បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយ អំពីនីតិវិធី បច្ចេកទេស និងបទពិសោធន៍ផ្សេងៗដែលពាក់ព័ន្ធ ជូនដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ព្រមទាំងមានរង្វាន់លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលមានសេចក្តីក្លាហាន ឡើងសួរសំណួរ ក្រោមបរិយាកាសសប្បាយរីករាយប្រកបដោយស្នាមញញឹម៕