បណ្តាញសង្គម

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលខេត្តត្បូងឃ្មុំស្ដីទី បាននាំយកស្រូវពូជផ្តល់ជូនគ្រួសារកសិករគោលដៅដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ឆ្នាំ ២០២៣ ប្រមាណ ១០៦គ្រួសារ ដោយឥតគិតថ្លៃ ក្នុងស្រុកមេមត់

រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម គង់ គា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងជាប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្ដម គន់ រ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញនាំយកស្រូវពូជផ្តល់ជូនគ្រួសារកសិករគោលដៅដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ឆ្នាំ ២០២៣ ប្រមាណ ១០៦គ្រួសារ ដោយឥតគិតថ្លៃ តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីស្ដារឡើងវិញ ក្នុងស្រុកមេមត់ ចំនួន ៣ភូមិ រួមមាន ៖ ភូមិកំពែ ភូមិស្រែពង្រ និងភូមិរំចេក នៅបរិវេណវត្តនទីវនារាម(វត្តខ្ពប) ស្ថិតនៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការនាំពូជស្រូវមកផ្តល់ជូននាពេលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធាន មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពី លោក ស្រេង លី អភិបាលស្រុកមេមត់ បានធ្វើរបាយការណ៍ស្វាគមន៍ ដោយបានលើកឡើងពីស្ថានភាពនៃការខូចខាតដំណាំស្រូវដោយទឹកជំនន់ ឆ្នាំ ២០២៣ ក្នុងភូមិសាស្រ្តស្រុកមេមត់ រួចមក នាឱកាសនោះ ឯកឧត្តម គង់ គា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងជាប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក៏បានបន្តធ្វើបទបង្ហាញពីបច្ចេកទេសនៃការដាំស្រូវប្រភេទ OM5451 ជូនដល់កសិករគោលដៅ ដើម្បីស្តារឡើងវិញ ឱ្យទទួលទិន្នផលខ្ពស់ បន្ទាប់ពីទទួលបានពូជស្រូវទាំងនេះ។

នាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាល បន្តពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងនោះដែរ ក៏មាន ឯកឧត្តម ជា សុផារ៉ា ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមេមត់ តែងតែនៅរួមសុខរួមទុក្ខ និងដោះស្រាយការលំបាកផ្សេងៗជាច្រើនជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនដែលទុកចោលឱ្យប្រជាពលរដ្ឋរងគ្រោះណាម្នាក់ដោយមិនមានការដោះស្រាយឡើយ។

ឯកឧត្តមអភិបាលស្តីទី បន្តថាការនាំពូជស្រូវយកមកចែកជូនដល់គ្រួសារប្រជាពលរដ្ឋពេលនេះ គឺជាចំណាត់ការដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលអាណត្តទី ៧ នេះ សំដៅធ្វើយ៉ាងណា ស្ដារផ្ទៃដីស្រូវ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងកន្លងទៅ ឱ្យអស់លទ្ធភាពដើម្បីជួយបង្កើនជីវភាពគ្រួសារកសិករគោលដៅ និង ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ក្រោយពីទទួលបានពូជស្រូវនេះ ត្រូវខិតខំយកចិត្តទុកដាក់ យកទៅធ្វើការសាបព្រួសស្ដារផ្ទៃដីដាំដុះស្រូវឡើងវិញ ដែលមាន និងឱ្យបានឆាប់រហ័សទាន់រដូវកាល ព្រមទាំងដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដើម្បីបានផលសម្រាប់បង្កើនជីវភាពគ្រួសារឱ្យបានកាន់តែប្រសើរឡើង។

សូមជម្រាបជូនថា ពូជស្រូវ ដែលឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលខេត្តត្បូងឃ្មុំស្តី ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ចុះចែកជូនប្រជាពលរដ្ឋពេលនេះ គឺប្រភេទពូជស្រូវ (OM5451) ជាពូជមិនប្រកាន់រដូវ ផ្ដល់ដោយប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកជូនរដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីបែងចែកដល់គ្រួសារកសិករគោលដៅ និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ខូចខាតលើដំណាំស្រូវ សម្រាប់ធ្វើការសាបព្រួសស្ដារការខូចខាតឡើងវិញ ដែលរងការបំផ្លាញដោយទឹកជំនន់ក្នុងខែតុលាកន្លងទៅ។

ប្រជាពលរដ្ឋដែលទទួលបានស្រូវពូជសរុបប្រមាណ ១០៦គ្រួសារ ក្នុងនោះមកពីភូមិកំពែ ភូមិស្រែពង្រ និងភូមិរំចេក ស្រុកមេមត់ ដោយក្នុងមួយគ្រួសារ ទទួលបានពូជស្រូវចំនួន ១០០គីឡូ សរុបពូជស្រូវដែលត្រូវចែកដល់ដៃប្រជាពលរដ្ឋ មានចំនួន១០ តោន ៦០០គីឡូក្រាម៕