បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំអបអសាទរទិវាពិភពលោកស្អាត "World Cleanup Day" និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment)

(ត្បូងឃ្មុំ) ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំអបអសាទរទិវាពិភពលោកស្អាត "World Cleanup Day" និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលពិធីនេះរៀបចំធ្វើឡើង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណអាងសោភ័ណ ទល់មុខមន្ទីរគណបក្សខេត្ត ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក-ក្រុង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស-និស្សិត អាជីវករលក់ដូរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអានសារលិខិតទាំងស្រុង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» ជូនដល់អង្គពិធីទាំងមូលជ្រាប ដើម្បីយកទៅអនុវត្តក្នុងទិសដៅលើកកម្ពស់វិស័យទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍន៍កាន់តែទទួលបានការចាប់អារម្មណ៍បន្ថែមទៀត ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្តថា ក្នុងនាមរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត ស្ថាប័នមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអង្គពិធីទាំងមូល សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ដែលបានចង្អុលបង្ហាញ និងតម្រង់ទិស ក្នុងការស្តារ និងអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់បន្ថែមអំពីការយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្របតាមគោលនយោបាយជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដោយមានមន្ទីរទេសចរណ៍ខេត្តជាស្ថាប័នជំនាញ ដើម្បីអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដែលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពដ៏ចម្បង ប្តេជ្ញាធ្វើការរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្តរួម ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្នុងការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បើតាមការបញ្ជាក់ ពីសំណាក់ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងដែរថា ពិធីនេះធ្វើឡើងក្នុងគោលបំណង ចូលរួមសម្អាតបរិស្ថាន និងធ្វើការផ្សព្វផ្សាយជូនសាធារណៈជនឲ្យបានជ្រាបអំពីការទុកដាក់សំរាម ដោយមានការទទួលខុសត្រូវ និងលើកកម្ពស់អនាម័យបរិស្ថានស្អាតល្អស្រស់បំព្រង សោភ័ណភាពល្អគួរឲ្យទាក់ទាញ។

ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» អ្នកចូលរួមនៅក្នុងពិធីនេះទាំងអស់ត្រូវបានបែងចែកក្រុម ដើរសម្អាតអនាម័យក្នុងក្រុងតាមគោលដៅ ដែលបានរៀបចំចំនួន ៣ ក្រុមរួមមាន៖ *ក្រុមទី១ ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ចាប់ផ្ដើមពីកែងអាងទឹកសោភ័ណត្បូងឃ្មុំ ឆ្ពោះទៅរង្វង់មូលរូបសំណាក ហ្លួងព្រះស្ដេចកន (ហ្គារាសសាំង ប៉ា ប៉ា) ។

*ក្រុមទី២ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ផ្ដើមពីផ្លូវកែងអាងទឹកសោភ័ណ្ឌត្បូងឃ្មុំ ឆ្ពោះទៅផ្លូវជាតិលេខ ៧៣ និង*ក្រុមទី៣ យុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្ស និស្សិត អាជីវករ ប្រជាពលរដ្ឋ បងប្អូនកម្មករសាលាខេត្ត សម្អាតជុំវិញបរិវេណអាងទឹកសោភ័ណត្បូងឃ្មុំ ៕