បណ្តាញសង្គម

អនុមោទនា កាន់បិណ្ឌទី១៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទេយ្យទានទេយ្យវត្ថុ ព្រមទាំងបច្ច័យ វេរប្រគេនព្រះសង្ឃនៅវត្តវិហារទន្ទឹម ក្នុងក្រុងសួង និងរាប់បាត្រ ឧទ្ទិសកុសល្យផលបុណ្យ ជូនដួងព្រលឹងយុទ្ធជនលះបង់ជីវិតជូនជាតិកម្ពុជា

អនុមោទនា កាន់បិណ្ឌទី១៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទេយ្យទានទេយ្យវត្ថុ ព្រមទាំងបច្ច័យ វេរប្រគេនព្រះសង្ឃនៅវត្តវិហារទន្ទឹម ក្នុងក្រុងសួង និងរាប់បាត្រ ឧទ្ទិសកុសល្យផលបុណ្យ ជូនដួងព្រលឹងយុទ្ធជនលះបង់ជីវិតជូនជាតិកម្ពុជា (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលត្បូងឃ្មុំ បានអំពាវនាវឲ្យលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចង់ចាំពាក្យ«អរគុណសន្តិភាព» ដកជាប់ក្នុងបេះដូងជានិច្ច ព្រោះថា បើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំធ្វើបុណ្យតាមទីអារាមដូចនាពេលនេះ បាននោះឡើយ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមទាំងក្រុមគ្រួសារ ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ និងនាំយកទេយ្យទាន-ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តវិហារទន្ទឹម ស្ថិតក្នុងភូមិសួងកើត សង្កាត់សួង ក្រុងសួង ដើម្បីបន្តទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋលោកតា-លោកយាយ ជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រហូតដល់ឃុំ-សង្កាត់។ ក្នុងដែរ ឯកឧត្តមបណ្ឌិត បានរំលឹកផងដែរ ពីការខិតខំប្រែងរបស់ ឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលលោកតែងតែជួយឧបត្ថម្ភកសាងតាមបណ្តាវត្តនានាជាច្រើនក្នុងខេត្តត្បូងឃ្មុំយើងនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព រដ្ឋបាលខេត្តត្បូងឃ្មុំ មានការរីចម្រើនលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាជាច្រើន មានដូចជា នៅក្នុងក្រុងសួង បាននឹងកំពុងស្ថាបនាកសាងសួនច្បារសាធារណៈមួយកន្លែង មានទីតាំងជាប់នឹងវត្តវិហារទន្ទឹម , ការស្ថាបនា រូបសំណាក រង្វង់មូលហ្លួងព្រះស្តេច កន (ផ្លូវចូលមកកាន់តំបន់រដ្ឋបាលខេត្ត) និងពង្រីកផ្លូវបេតុងនៅបរិវេណក្បែរនោះអោយធំទូលាយ ជាដើម ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ដើម្បីបង្កើនបរិយាកាសទេសចរណ៍ ក្នុងរដូវភ្ជុំបិណ្ឌនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តការណ៍អបអរសាទរពិធីបុណ្យជាតិ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខាងមុខនេះ នៅបរិវេណអាងសោភ័ណត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការតាំងបង្ហាញលក់ដូរទំនិញ ភូមិ ១ ផលិត ១ ការប្រគុំតន្រ្តី ការសម្តែងសិល្បៈ បណ្តែតប្រទីប ការបាញ់កាំជ្រួច និងការបង្ហោះគោមនាពេលរាតី្រ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ ជាពិសេសនៅថ្ងៃទី១៥ ខែតុលា នោះដែរ ក៏មានការប្រណាំងទូក និងក៏សូមឱ្យបងប្អូនទាំងអស់ ទាំងក្នុង និងក្រៅខេត្ត អញ្ជើញចូលរួមទស្សនាកម្សាន្តឱ្យបានច្រើកុះករ។

ដោយសទ្ធាជ្រះថ្លា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង ០៧សន្តាន និងដួងព្រលឹងយុទ្ធជន-យុទ្ធនារីទាំងអស់ ដែលបានពលីជីវិត បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។

ជាមួយគ្នានោះ ដើម្បីចូលរួមចំណែកនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមកប្រគល់ជូនវត្តវិហារទន្ទឹម រួមមាន អង្ករ ១តោន មី ១០កេស ត្រីខកំប៉ុង ៣កេស ទឹកវីតាល ៥០កេស សាដក ២៧ប្រអប់ បច្ច័យ ព្រះសង្ឃ ១អង្គ ៧០,០០០៛(៧ម៉ឺនរៀល) ទឹកត្រី ១០យួរ ទឹកស៊ីអៀវ ១០យួរ ស្ករស ០១បេ ទឹកក្រូច ១០កេស និងសរុបបច្ច័យចំនួន១០,០០០០០០៛(១០លានរៀល)។ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បានចែកថវិកាជូនដល់លោកតាលោកយាយចំណុះជើងវត្ត ក៏ដូចជាកុមារាកុមារី ដោយបេះដូងកក់ក្តៅបំផុត នៅទីអារាមមួយនេះផងដែរ៕