បណ្តាញសង្គម

លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកការផ្សព្វផ្សាយពីដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិ្ចប្រជុំ ស្ដីពី ការផ្សព្វផ្សាយពីដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (ក្នុងបរិវេណសាលាស្រុកពញាក្រែក) ។

កិច្ចប្រជុំផ្សព្វផ្សាយ នេះ មានការអញ្ជើញចូលរួមពីសំណាក់ តំណាងគណបក្សនយោបាយ ទូទាំងខេត្ត អង្គការ សមាគមន៍ អភិបាល អភិបាលរងក្រុង/ស្រុក តំណាងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ តំណាងមន្ទីរជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។ មានមតិស្វាគមន៍ លោក គឹម សុខនី អនុប្រធាន លេខាធិការដ្ឋានរៀបចំការបោះឆ្នោត បានអានរបាយការណ៍ចំពោះការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ក្នុងនោះរួមមាន ៖ -សេចក្ដីណែនាំលេខ ០៧១ គ.ជ.ប.ស.ណ.ន ស្ដីពី កិច្ចសហការ និងវិធានការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និង -លទ្ធផលបណ្ដោះអាសន្ននៃការដាក់ភ្នាក់ងារគណបក្សនយោបាយនៅទូទាំងខេត្តត្បូងឃ្មុំ ជូនអង្គពិធីជ្រាប ។

នាឱកាសនោះ លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានធ្វើបទបង្ហាញស្ដីពី “នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣” ដោយលើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ សូមអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។

ជាក់ស្តែង ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានគោលដៅ ធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាពតាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត ៖ −អ្នកដែលបានទទួលមរណភាព −អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ជាពិសេសការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវផងដែរ។

លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បន្តថា នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ សំដៅលើប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ក្នុងនោះ ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) −ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការពិភាក្សា រិះរកវិធីក្នុងការជួយពន្លឿនការងារខាងលើឱ្យទទួលបានបរិមាណខ្ពស់ លោក ហ៊ាង សុផល ក៏បានផ្តល់នូវមតិណែនាំ ក៏ដូចជាបទពិសោធល្អៗ ដល់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់ដំណើរការ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ជូនអង្គប្រជុំជ្រាប ។

ទន្ទឹមនោះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងបានយល់ពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយសូមអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកុំបីអាក់ខាន។

តមកបន្ទាប់ពី លោក ឡាយ ឧត្តម ស្នងការរងនគរបាលខេត្ត បានធ្វើបទអន្តរាគមន៍ជូនដល់ភាគីពាក់ព័ន្ធ រួចមក ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាំងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវការកោតសរសើរចំពោះ គណបក្សនយោបាយ ក៏ដូចជាភាគីពាក់ព័ន្ធ ព្រមទាំបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្ត និងគោរពច្បាប់បោះឆ្នោត បទបញ្ជា និតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ធ្វើឲ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៣នេះ ទទួលបានលទ្ឋផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសក្រោមបរិយាកាសសន្តិភាព ស្ថិរភាព និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ៕