ត្បូងឃ្មុំ៖ មន្ត្រីសង្គមកិច្ចទាំង៦ស្រុក ក្រុង ក្នុងខេត្តត្បូងឃ្មុំ បានបង្កើនសមត្ថភាព ថ្មីៗបន្ថែមទៀត ពីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ការបញ្ជ្រាបយេនឌ័រ នៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ជំនាញបច្ចេកទេស និងការផ្តល់ឱកាស និងតួនាទីភារកិច្ចដល់ស្ត្រី ថ្មីៗនេះ ការតំឡើងអាយុ បម្រើការងារជូនស្ត្រី ជាមន្ត្រីរាជការដល់អាយុ ៦០ឆ្នាំ ជាដើម ដើម្បីជំរុញឲ្យ វិស័យសង្គមកិច្ច ឲ្យបានប្រសើរឡើងនៅកម្ពុជា វគ្គបណ្តុះបណ្តាល បានធ្វើនៅក្នុង សាលប្រជុំមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ចំនួន២ថ្ងៃ គឺថ្ងៃទី១៩និងថ្ងៃ២០ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។
លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានថ្លែងថា យេនឌ័រជាបញ្ហាសំខាន់មួយ ក្នុងចំណោមបញ្ហាសំខាន់នានា ដែលកំពុងត្រូវបាន យកចិត្តទុកដាក់ជាខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅលើពិភពលោក ។ ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតការយកចិត្តទុកដាក់ ជាសំខាន់លើការងារនេះ ។
ជាក់ស្តែង សកម្មភាពជាច្រើន ដែលសំដៅលើកស្ទួយ សមភាពយេនឌ័រ នៅក្នុងគោលនយោបាយយុទ្ធសាស្ត្រ និងផែនការ នៅថ្នាក់ក្រោមជាតិ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងផ្តល់ឱកាស និងតួនាទីដល់ស្ត្រី ។
ឯកឧត្តម ឈាង បាក់ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បានថ្លែងដែរថា ថ្វីត្បិតតែយើងទទួលបានជោគជ័យ ជាទីមោទនៈភាពក៏ដោយ ក៏យើងនៅតែជួបបញ្ហាប្រឈមមុខ ជាច្រើនដែលជាបញ្ហាអវិជ្ជមាន មានភាពរាំងស្ទះជាទូទៅ ដូចជា ការរើសអើងចំពោះស្ត្រី ការយល់ដឹងផ្នែកសុខភាព របស់ស្ត្រីនៅមានកំរិត អត្រាមរណៈភាព របស់មាតា ក៏នៅមិនទាន់ថយចុះ តាមការរំពឹងទុក ភាពងាយរងគ្រោះ ដោយសារការជួញដូរ អំពើហឹង្សាក្នុងគ្រួសារលើស្ត្រី និងកុមារ អំពើរំលោភសេពសន្ទវៈ និងការបង្ខំរួមភេទនៅតែមាន ។
ដូច្នេះ យើងត្រូវតែបន្តរួមគ្នា ពង្រឹងការអនុវត្តច្បាប់ ស្តីពីការទប់ស្កាត់ អំពើហឹង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងការធ្វើអាជីវកម្មផ្លូវភេទ ពិសេសការអនុវត្តផែនការជាតិ ស្តីពីការទប់ស្កាត់ អំពើហិង្សាលើស្ត្រី ដើម្បីដោះស្រាយ បញ្ហាយេនឌ័រ និងបញ្ហាបញ្ជ្រាបយេនឌ័រ ទៅគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ដើម្បីរួមចំណែក លុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំង ទៅនឹងនារីភេទ ៕