បណ្តាញសង្គម

សាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម ចុះធ្វើការអង្កេតលើការតាំងលក់បារី ៥៥៥ ខុសច្បាប់ នៅលើទីផ្សារ និងត្រួតពិនិត្យគុណភាពទំនិញ ជាគ្រឿងឧបភោគ និងបរិភោគដទៃទៀត នៅផ្សារជីមាន់ ស្ថិតក្នុង ភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បុងឃ្មុំ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហ័រណ-អាហ័រណ និងបង្ក្រាប ការក្លែងបន្លំ (កាំកុងត្រូល) សាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ មន្ត្រីសាខា កាំកុងត្រូល ដែលដឹកនាំដោយលោក មាស មោរ៉ា ប្រធានសាខា កាំកុងត្រូល និងបានសហការជាមួយ មន្ទីរពាណិជ្ជកម្ម បានចុះធ្វើការ អង្កេតលើការ តាំងលក់បារី ៥៥៥ ខុសច្បាប់ នៅលើទីផ្សារ និងត្រួតពិនិត្យ គុណភាពទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ដទៃទៀត នៅផ្សារជីមាន់ ស្ថិតក្នុង ភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បានបញ្ជាក់ថា ៖ គោលបំណង នៃការចុះអង្កេត លើការតាំងលក់បារី ៥៥៥ នេះ ដោយផ្អែកទៅតាម ការណែនាំពី អគ្គនាយកដ្ឋាន កាំកុងត្រូល តាមរយៈ សេចក្តីជូនដំណឹង របស់ក្រុមហ៊ុន British American Tobaco Cambodia ទៅកាន់ក្រសួងពាណិជ្ជកម្ម ស្តីពីការ ចរាចរផលិតផល បារី ៥៥៥ ខុសច្បាប់ ដែលពុំមាន តែមប្រៃយ៍អាករ និងសារព្រមាន សុខភាពជាភាសាខ្មែរ ។

ជាលទ្ធផល តាមរយៈនៃការ ត្រួតពិនិត្យរបស់ មន្ត្រីកាំកុងត្រូល ពុំបានប្រទះ ឃើញបារី ៥៥៥ ដែលពុំមាន តែមប្រីយ៍អាករ និងពុំមានបិទ ស្លាកព្រមានសុខភាព ជាភាសាខ្មែរនោះទេ ព្រមទាំងបាន ត្រួតពិនិត្យ គុណភាពទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ដទៃទៀត ដែលអាជីវករ ភាគច្រើន មានការយល់ដឹង ក្នុងការដាក់តាំង លក់ទំនិញ ដែលមានគុណភាព សម្រាប់អ្នកប្រើប្រាស់ លើកលែងតែ អាជីវករមួយចំនួន តូចប៉ុននោះ នៅមានដាក់តាំង លក់ទំនិញតិចតួច ដែលគ្មានស្លាកសញ្ញា ត្រឹមត្រូវ ដោយគ្មាន កាលបរិច្ឆេទផលិត និងប្រើប្រាស់ ក្នុងនោះ មន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុ ដកហូត ចាហ៊ួយដូង ផលិតនៅប្រទេស វៀតណាម ដែលហួស កាលបរិច្ឆេត នៃការប្រើប្រាស់ មួយចំនួន ដើម្បីយកទៅ កំទេចចោល ។

លោក មាស មោរ៉ា ក៏បានធ្វើការណែនាំ ដល់អាជីវករ អោយដាក់តាំងលក់ បារីគ្រប់ប្រភេទ ដែលមានបិទ តែមប្រីយ៍អាករ និងសារព្រមាន សុខភាពជាភាសាខ្មែរ ព្រមទាំងអប់រំ អោយអាជីវករ តាំងលក់ទំនិញ ដែលមានគុណភាព និងសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ៕

 

ដោយ ៖ វ៉ាន់ វីរៈ