បណ្តាញសង្គម

ហេតុ​ផល​ពិសេស​​នេះ​ធ្វើ​ឲ្យ​ទូរទស្សន៍​១​ចុះ​កុង​ត្រា​៣​ឆ្នាំ​ជាមួយ​ ព្រះ កាយច័ន្ទ

នៅក្នុងពិធីក្រុងពាលី ខ្សែភាពយន្តភាគរឿង "ទណ្ឌកម្មស្នេហ៍" របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នៅសណ្ឋាគារ សូហ្វីតែល ព្រឹកមិញនេះ ព្រះ កាយច័ន្ទ ជាតួឯកស្រី ក្នុងរឿងខាងលើ បានរៀបរាប់ថានាង បានចុះកុងត្រាជាមួយ ស្ថានីយទូរទស្សន៍រយៈពេល៣ឆ្នាំ។

តួឯកស្រីរូបនេះបន្តថា ក្រោយពីថតរឿង "ច័ន្ទវង្វេងមេឃ" ចប់រួចរាល់ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ពេញចិត្តសមត្ថភាព និងទេពកោសល្យសម្ដែងរបស់នាង ទើបសម្រេចឲ្យចុះ កុងត្រាតែម្ដងទៅ។ រយៈពេល៣ ឆ្នាំនៃការចុះកុងត្រា នាងគ្មានសិទ្ធិថតខ្សែភាពយន្តឲ្យទូរទស្សន៍ផ្សេងក្រៅពីប៉ុស្តិ៍នោះទេ បើគ្មានការអនុញ្ញាត។

“នេះជារឿងទី២ របស់នាងខ្ញុំនៅ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បន្ទាប់ពីចុះកុងត្រា បានកន្លះឆ្នាំ ការចុះកុងត្រានេះ ខ្ញុំទទួលបានជា ប្រាក់ខែជាប្រចាំពីទូរទស្សន៍ ចំណែកឯប្រាក់ខែ ដែលខ្ញុំទទួលបានប៉ុន្មាន សុំលាក់សិនបង តែក្នុង១ឆ្នាំខ្ញុំចេញ ថតឲ្យប៉ុស្តិ៍លេខ៥ ២ ទៅ ៣ រឿង បើសិនជាយើងមានពេលវេលា" ។

ព្រះ កាយច័ន្ទ ថ្លែងបញ្ជាក់។ ក្នុងពិធីក្រុងពាលីនេះដែរ លោក ស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យ ការផ្សាយនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥បាន មានប្រសាសន៍ថា រឿង "ទណ្ឌកម្មស្នេហ៍" ជាប្រភេទរឿងបែប មនោសញ្ចេតនាស្នេហា កាច់កុងគ្នា រវាងតួឯកប្រុសស្រីទាំងពីរ។

រឿងនេះមាន៣០ ទៅ៣៥ ភាគ នឹងចាប់ផ្ដើមចេញ ថតនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១៧ ស្អែកនេះ គ្រោងនឹងដាក់បញ្ចាំង នៅទូរទស្សន៍ប៉ុស្តិ៍លេខ៥នៅខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ។ ខ្សែភាពយន្តភាគរឿង "ទណ្ឌកម្មស្នេហ៍" ចូលរួមសម្ដែងដោយ លោក សូ ឆានី ព្រះ កាយច័ន្ទ ទឹម រដ្ឋា នៅ ដាណា យូឌីស្កូ ឯក សុភារិទ្ធ ហេង ដាវី តូច ស្រីពេជ្រ ព្រមទាំងតារាសម្ដែង ប្រុសស្រីជាច្រើនរូបទៀត៕

ដកស្រង់ពី៖ Sabay