បណ្តាញសង្គម

ភរិយា​ David Beckham ទទួល​បាន​គ្រឿងឥស្សរិយយសពីព្រះ​អង្គ​ម្ចាស់​ចក្រភពអង់គ្លេស

ជាកិត្តិយសដ៏ធំធេងណាស់របស់ Victoria Beckham ដែលមានឱកាសទទួលបាន គ្រឿងឥស្សរិយយសដ៏ពិសេសពីព្រះអង្គម្ចាស់ ចក្រភពអង់គ្លេស Prince William សម្រាប់ទេពកោសល្យច្នៃម៉ូដ។

អតីតតារាចម្រៀង បច្ចុប្បន្នជាអ្នកច្នៃម៉ូដ ដែលបានប្រារព្វខួបកំណើតរបស់ខ្លួនគម្រប់ ៤៣ឆ្នាំ កាលពីថ្ងៃច័ន្ទ បានទទួលគ្រឿងឥស្សរិយយសមួយឈ្មោះថា OBE កាលពីថ្ងៃពុធម្សិលមិញនេះ។ ការទទួលបានមហាកិត្តិយសមួយនេះ គឺបន្ទាប់ពី ស្វាមីរបស់នាង ធ្លាប់បានវាម្ដងកាលពី១៣ឆ្នាំមុន ពេល Beckham ជាកីឡាករបាល់ទាត់។

អ្នកម្ដាយកូន ៤ រូបនេះក៏បាននិយាយ បន្ទាប់ពីទទួលឥស្សរិយយសថា៖ "ខ្ញុំមានអារម្មណ៍រីករាយបំផុត ដែលបានចូលក្នុងរាជវាំង Buckingham ថ្ងៃនេះ។ ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលកើតមកជាជនជាតិអង់គ្លេស ហើយក៏មានកិត្តិយស និងសូមលំអោនកាយគោរពទទួលយក គ្រឿងឥស្សរិយយស (OBE) ពីព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស”។

បន្ថែមពីលើនេះ នាងក៏បានបន្តទៀតដែរថា៖ "ប្រសិនអ្នកមានសុបិនដ៏ធំមួយ ហើយប្រឹងប្រែងធ្វើការ អ្នកពិតជាអាចទទួលបានលទ្ធផលដ៏អស្ចារ្យមួយមិនខាន។ ខ្ញុំសប្បាយចិត្តណាស់ ក្នុងការចែករំលែកពេលវេលាដ៏ពិសេស ជាមួយឪពុកម្ដាយ និងស្វាមីរបស់ខ្ញុំ។ បើគ្មានក្ដីស្រលាញ់ និងការលើកទឹកចិត្តពីពួកគាត់ មហាកិត្តិយសមួយនេះក៏គ្មានដែរ”។

ក្រោយចប់កម្មវិធី Beckham ក៏បានបង្ហោះសារអបអរជូនដល់ភរិយាជាទីស្រលាញ់របស់ខ្លួនដែរ តាមរយៈ Instagram៕

ដកស្រង់ពី៖ Sabay