បណ្តាញសង្គម

ប្រាសាទ ដាវីន បង្ហាញជំហរច្បាស់លាស់ ប្រសិនមានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិម្តងទៀត

មិនត្រឹមជាតារាម៉ូដែលល្បីឈ្មោះម្នាក់ប៉ុណ្ណោះទេ សព្វថ្ងៃ អ្នកនាង ប្រាសាទ ដាវីន ក៏ត្រូវបានគេស្គាល់ថា ជាស្ត្រីឆ្នើមក្នុងវិស័យប្រកួតប្រជែងសម្រស់ផងដែរ បន្ទាប់ពីនាងឈ្នះជយលាភី 4th Runner up Universal Woman International 2023 និងជាអ្នកទទួលបន្ទុកជាម្ចាស់ផ្ទះរៀបចំការប្រកួត Universal Woman International 2024 បានយ៉ាងល្អឥតខ្ចោះតែម្តង។

កន្លងទៅថ្មីៗនេះ មានដំណឹងលេចឮថា អ្នកនាង ប្រាសាទ ដាវីន អាចនឹងត្រូវជ្រើសរើស (hand pick) ជា Miss Universe Cambodia 2024 ដើម្បីតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ប៉ុន្តែដំណឹងនេះក៏រសាយទៅវិញបន្តិចម្តងៗតាមពេលវេលា។ អ្នកនាង ប្រាសាទ ដាវីន មិនបានបដិសេធចំពោះដំណឹងលេចឮនោះឡើយ ព្រោះវាពិតជាប្រធានបទដែលស្ថាប័នបានយកទៅជជែក និងពិចារណាពិតមែន។

ប៉ុន្តែអ្វីដែលប្រាកដនោះគឺ ពេលនេះអ្នកនាងមិនមែនជា Miss Universe Cambodia 2024 នោះឡើយ គ្រប់យ៉ាងកំពុងស្ថិតក្នុងការពិចារណាយ៉ាងស្វិតស្វាញ។ទោះជាយ៉ាងនេះក្តី អ្នកនាងនៅតែសប្បាយចិត្តក្នុងការរួមចំណែកជាមួយអ្នកគ្រប់គ្រង Miss Universe Cambodia ថ្មី ក្នុងការទទួលស្វាគមន៍ Miss Universe 2023 កញ្ញា Sheynnis Palacios ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា កន្លងទៅ។ ម្ចាស់ជយលាភី 4th Runner up Universal Woman International 2023 ឱ្យដឹងទៀតថា ប្រសិនមានឱកាសតំណាងកម្ពុជាលើឆាកអន្តរជាតិម្តងទៀត ច្បាស់ណាស់អ្នកនាងនឹងពាំនាំធនធានរបស់កម្ពុជាទៅបង្ហាញឱ្យពិភពលោកបានឃើញ។

ជាក់ស្តែង អ្វីដែលខ្លួននាងមានបង្ហាញពីធនធានខ្មែរស្រាប់ហើយ តែយ៉ាងណាក៏ត្រូវការការរៀនសូត្រឱ្យស៊ីជម្រៅបន្ថែមទៀតជាមួយស្ថាប័ន និងក្រសួងពាក់ព័ន្ធនានា ឱ្យប្រាកដថា អ្នកនាងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្ហាញលើឆាកអន្តរជាតិ។

ដាវីន មើលឃើញថា សិល្បៈវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចនៅតំបន់ឆ្ងាយ ភាគច្រើនត្រូវបានគេមើលរំលងច្រើន ដូច្នេះប្រសិនមានឱកាសយើងគួរគាស់កកាយធនធានទាំងនេះឡើងមក ក៏ដូចជាធនធានផ្សេងៗទៀត ដែលកម្ពុជាមានទៅបង្ហាញឱ្យពិភពលោកស្គាល់ពីភាពចំណាស់នៃទម្រង់សិល្បៈវប្បធម៌របស់ខ្មែរយើង។

បវរកញ្ញាសម្បុរទឹកឃ្មុំស្រស់នេះ មិនហ៊ានសន្យាថា នាងនឹងធ្វើបានល្អកម្រិតណាទេ តែប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាព ប្រសិនមានឱកាសតំណាងកម្ពុជាម្តងទៀតមែន៕

ដកស្រង់ពី៖Sabay