បណ្តាញសង្គម

Xiaomi ចាប់ផ្តើមចែកចាយរថយន្តអគ្គិសនី SU7 របស់ខ្លួនបណ្តើរៗហើយ ជាមួយនឹងការបញ្ជាទិញសរុបកើនឡើងដល់ ១០ម៉ឺនគ្រឿងត្រឹមរយៈពេលជាង ២៤ម៉ោង

(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលថ្មីៗនេះបាននិយាយថា ត្រឹមតែរយៈពេលជាង ២៤ម៉ោងប៉ុណ្ណោះ ខ្លួនទទួលបានការបញ្ជាទិញច្រើនជាង ១០០,០០០គ្រឿងសម្រាប់រថយន្តដំបូងបង្អស់របស់ខ្លួន ដែលជារថយន្តស្ព័រអគ្គិសនីមានឈ្មោះថា SU7 ខណៈឥឡូវនេះកំពុងចាប់ផ្តើមចែកចាយទៅកាន់អ្នកប្រើប្រាស់បណ្តើរៗហើយ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។ នាយកប្រតិបត្តិ (CEO) និងជាស្ថាបនិកលោក Lei Jun បាននិយាយនៅក្នុងពិធីមួយនៅទីក្រុងប៉េកាំង ដែលបង្ហាញពីការចែកចាយរថយន្តដំបូងថា «រថយន្តរបស់ក្រុមហ៊ុន Xiaomi បង្ហាញខ្លួនជាផ្លូវការ បដិវត្តន៍ពិតប្រាកដនៃរថយន្តឆ្លាតវៃបានចាប់ផ្តើមជាផ្លូវការ ហើយប្រទេសចិននឹងផ្តល់កំណើតដល់ក្រុមហ៊ុនដ៏អស្ចារ្យមួយថ្មីទៀតដូចជា Tesla»។

នេះជាជោគជ័យ ដ៏ធំបំផុតរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi ត្រឹមតែរយៈពេលដ៏ខ្លីបានឆក់យកបេះដូងអ្នកប្រើប្រាស់ស្ទើរតែពេញប្រទេសចិន ជាមួយនឹងការបញ្ជាទិញហក់ឡើងស្រឺតៗរហូតដល់លើសពីការរំពឹងទុកចេញលក់ដំបូង។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ការចែកចាយដំបូងនេះគឺមានចំនួនកំណត់ត្រឹមតែ ៥,០០០គ្រឿងប៉ុណ្ណោះ ប្រភេទ «Founder’s Edition» ដែលបំពាក់ដោយ accessories ពិសេសៗសម្រាប់អតិថិជនបញ្ជាទិញដំបូងគេ។ ជំហានបន្ទាប់នឹងទៅដល់ម៉ូដែល SU7 (Speed Ultra 7) ហើយក្នុងនោះ Xiaomi បានណែនាំអ្នកទិញរថយន្ត sedan របស់ខ្លួន ថាពួកគេអាចប្រឈមមុខនឹងការរង់ចាំចន្លោះពី ៤ ទៅ ៧ ខែដែលជាសញ្ញានៃតម្រូវការខ្លាំង។

គួរជម្រាបដែរថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានកើឡើងដល់ ១៦ភាគរយ ខណៈដែល SU7 គឺជាផ្នែកមួយដ៏សំខាន់នៃការកើនឡើងនារដូវកាលនេះ ហើយបានធ្វើឱ្យតម្លៃក្រុមហ៊ុន Xiaomi កើនដល់ ៥៥ពាន់លានដុល្លារ ក្នុងតម្លៃភាគហ៊ុន ១៧.៣៤ដុល្លារហុងកុង។ របាយការណ៍បានបញ្ជាក់ថា ឥឡូវនេះ Xiaomi មានតម្លៃខ្ពស់ជាង ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors និង Ford ក្នុងតម្លៃក្រុមហ៊ុន ៥២ពាន់លានដុល្លារ និង ៥៣ពាន់លានដុល្លាររៀងគ្នា៕

ដកស្រង់ពី៖Fresh News