បណ្តាញសង្គម

ត្រៀមៗចូលឆ្នាំ រាំហុយដី “ក្រមុំស្រុកណា” ឮតែភ្លេងកន្រ្តាក់ដៃកន្រ្តាក់ជើងងក់ក្បាលភ្លែត

ត្រៀមអបអរសាទរបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កំលោះសង្ហារពីរដួង នរិទ្ធ និង វណ្ណដា ចាប់ដៃគ្នាផលិតបទចម្រៀងគុណភាពថ្មីមួយ ទុកជាកាដូសម្រាប់អ្នកគាំទ្ររាំលេងកម្សាន្ដក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឮតែភ្លេងក៏ចង់រាំ។

កាលពីយប់ថ្ងៃទី១ មេសា ម្សិលមិញនេះ នរិទ្ធ សម្បូរស្នេហ៍ បានបញ្ចេញវីដេអូចម្រៀងរបស់ខ្លួនជាផ្លូវការ ដែលចាប់គូច្រៀងរួមគ្នាជាមួយកំពូល Rapper វណ្ណដា មានចំណងជើងថា «ក្រមុំស្រុកណា» កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ត្រឹមតែ ១៥ម៉ោងប៉ុណ្ណោះមានអ្នកចូលទស្សនាលើ You tube ផ្លូវការ Norith-នរិទ្ធ រហូតដល់ទៅជាង ៣០ម៉ឺននាក់ ចំនួននេះបង្ហាញឱ្យឃើញពីសន្ទុះនៃការចូល ចិត្តនៃស្នាដៃអ្នកទាំងពីរ។

«ក្រមុំស្រុកណា» ជាប្រភេទចម្រៀងបែប កន្ត្រឹម លាយសម័យ ផ្ដោះប្ដូរពាក្យសម្ដីគ្នារវាង នរិទ្ធ និងវណ្ដដា អួតពីសម្រស់ក្រមុំៗអ្នកខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាស្រុកកំណើតអ្នកទាំងពិរ។ បន្ថែមពីលើបទកន្ត្រឹម ក៏មានរសជាតិរ៉េបតិចតួចក្នុងចម្រៀងនេះផងដែរ ឱ្យកាន់ពីរោះ និងរាំសប្បាយៗថ្ងៃចូលឆ្នាំ។

ខណៈដែរទើបតែទម្លាក់បទថ្មីនេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់ ជាពិសេសនោះគឺស្រទាប់យុវវ័យតែម្ដង។យ៉ាងណាមិញ ស្របពេលទម្លាក់បទថ្មីនេះ នរិទ្ធ បានភ្ជាប់ជាមួយឃ្លាថា “កាដូទី១សម្រាប់ចូលឆ្នាំខាងមុខនេះ” បើតាមពាក្យមួយឃ្លានេះ អាចឱ្យអ្នកគាំទ្រប៉ានស្មានថានៅមិនទាន់អស់នោះទេ នរិទ្ធ នឹងទម្លាក់បទចម្រៀងថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ៕

ដកស្រង់ពី៖Sabay