បណ្តាញសង្គម

ចង់បានរាងស្អាតដូច Jennie ងាយទេ ឲ្យតែអនុវត្តវិធីស័ក្តិសិទ្ធិទាំងនេះបាន!

Jennie Kim ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង រ៉េប និងជាតារាម៉ូដែលរបស់កូរ៉េខាងត្បូង សមាជិកក្រុមចម្រៀងនារី K-Pop ដ៏ល្បី BLACKPINK។

នាងបានឆក់យកបេះដូងអ្នកគាំទ្រទូទាំងពិភពលោកជាមួយនឹងភាពស្រស់ស្អាត និងទេពកោសល្យដែលមិនអាចប្រកែកបាន។ ភាពស្រស់ស្អាត បូករួមនឹងរាងកាយដ៏ល្អឥតខ្ចោះនេះ ក៏ពុំមែនកើតឡើងចៃដន្យទេ ព្រោះ Jennie គឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ខ្ពស់ទៅលើការហាត់ប្រាណ និងរក្សារបបអាហារយ៉ាងខ្ជាប់ខ្ជួន។

ជាក់ស្ដែង យោងតាមរបាយការណ៍របស់ Sportskeeda បានឲ្យដឹង Jennie ចូលចិត្តអាហារពេលព្រឹកបែបលឿនៗងាយៗ សឹងរាល់ថ្ងៃ រួមមានផ្លែឈើ ឬនំបុ័ងគ្រាប់ធញ្ញជាតិ មុនពេលនាងចាប់ផ្តើមហាត់ប្រាណ។សម្រាប់អាហារថ្ងៃត្រង់ នាងញ៉ាំ សាឡាដផ្លែបឺរធម្មតាៗ ស្របពេលអាហារពេលល្ងាច Jennie ញ៉ាំបបរ ជាមួយទឹក Detox មួយកែវ។ ថ្វីដ្បិតមិនមានអ្វីអស្ចារ្យ ប៉ុន្តែប្រភេទអាហារដែលមានសាឡាត់ គឺជាក្រុមអាហារដែលមានប្រសិទ្ធភាពបំផុត សម្រាប់អ្នកដែលចង់រក្សារាង។ លើសពីនេះ តារា K-Pop រូបនេះជៀសវាងការទទួលទានអាហារដែលមានជាតិប្រៃ ព្រោះវានាំឱ្យហើមពោះ និងបណ្តាលឱ្យហើមដៃ ជើង និងមុខទៀតផង។ បន្ថែមពីលើរូបមន្តក្នុងការទទួលទានអាហារ Jennie ក៏ពុំភ្លេចក្នុងការហាត់ប្រាណជាប្រចាំដែរ។

នេះ គឺជាគន្លឹះសំខាន់បំផុតក្នុងការជួយឲ្យរាងរបស់តារា K-Pop ទាំងអស់ ឲ្យមានស្វាហាប់ សុខភាពមាំមួន ពិសេសទទួលបានដងខ្លួនស្អាតឥតខ្ចោះ។ ប្រភេទក្នុងការហាត់ប្រាណរបស់ Jennie ជ្រើសយកការហាត់បែប Pilates ខ្ទង់ ៤៥ នាទី ក្នុងនោះហាត់ ៥ ថ្ងៃក្នុងមួយសប្ដាហ៍។ នាងផ្តោតលើលំហាត់ប្រាណដែលពង្រឹងរាងកាយស្នូល និងផ្នែកខាងក្រោម បង្កើនភាពបត់បែន និងធ្វើឱ្យរាងកាយទាំងមូលរបស់នាងមានភាពរឹងមាំ។ មួយទៀតគឺ Aerial Yoga ឬ យូហ្គាលើអាកាស។ ទម្រង់យូហ្គាពិសេសនេះប្រើអង្រឹងសូត្រដែលព្យួរពីពិដាន ដើម្បីតោងប្ដូរនូវក្បាច់នីមួយៗ។ វា ធ្វើអោយប្រសើរឡើងនូវភាពបត់បែន និងសមត្ថភាពសួត ហើយថែមទាំងជួយសម្រាលភាពតានតឹងទៀតផង។ ក្នុងនោះ ក្នុងនាមជាអ្នករាំ Jennie ក៏មិនភ្លេចក្នុងការបញ្ចូលការហាត់រាំទៅក្នុងទម្លាប់ហាត់ប្រាណរបស់នាងដែរ។

Jennie ហាត់រាំបទ BLACKPINK ដើម្បីបង្កើនជំនាញរាំ និងការស៊ូទ្រាំរបស់នាង។ ជាធម្មតានាងអនុវត្តរយៈពេលមួយម៉ោង ឬច្រើនជាងនេះជារៀងរាល់ថ្ងៃ ដោយផ្តោតលើការធ្វើឱ្យចលនាមានភាពល្អឥតខ្ចោះ និងពង្រឹងភាពស៊ីសង្វាក់គ្នារបស់នាងជាមួយសមាជិកផ្សេងទៀត។ នេះមិនត្រឹមតែជួយឱ្យនាងរក្សាភាពរឹងមាំ និងភាពរហ័សរហួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដុតបំផ្លាញកាឡូរី និងធ្វើឱ្យសាច់ដុំរបស់នាងមានភាពរឹងមាំទៀតផង៕

ដកស្រង់ពី៖Sabay