បណ្តាញសង្គម

Huawei បង្ហាញរបាយការណ៍ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ២០២៣ ទទួលបានច្រើនលើសការរំពឹងទុក

(បរទេស)៖ ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei បានប្រកាសនៅចុងសប្តាហ៍នេះថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ បានកើនឡើងទ្វេដង ខណៈកត្តាជោគជ័យនេះ គឺដោយសារតែផលិតផលស្មាតហ្វូនថ្មីនទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ ជាពិសេសសម្រាប់អតិថិជនក្នុងស្រុក។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ក្រុមហ៊ុនក៏បានសន្មតថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើត ៩.៦% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៧០៤.២ពាន់លានយន់ (៩៩.១៨ពាន់លានដុល្លារ) ខណៈប្រាក់ចំណេញសុទ្ធបានកើនឡើង ១១៤.៥% ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៨៧ពាន់លានយន់។

ប្រតិបត្តិការដែលមានគុណភាពខ្ពស់ និងការលក់អាជីវកម្មមួយចំនួនរបស់ក្រុមហ៊ុន ក៏បានរួមចំណែកដល់ការរកប្រាក់ចំណេញផងដែរ។ នេះបើយោងតាមក្រុមហ៊ុន Huawei។ ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ ត្រូវបានគេដឹងថា ត្រឡប់មកវិញនៅក្នុងទីផ្សារស្មាតហ្វូនក្នុងឆ្នាំ២០២៣ ជាមួយនឹងការចេញផ្សាយលក់ស្មាតហ្វូន Mate 60 Pro របស់ខ្លួននៅក្នុងប្រទេសចិន នៅចុងខែសីហា។

ការពិនិត្យឡើងវិញបានចង្អុលបង្ហាញថា ស្មានហ្វូននេះ គឺផ្តល់នូវលក្ខណៈសម្បត្តិពិសេសច្រើន គាំទ្រដោយអ៊ិនធើណេត 5G និង បន្ទះឈីប semiconductor កម្រិតខ្ពស់។ ស្មាតហ្វូន Mate 60 Pro បានជួយជំរុញការលក់របស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិន ពោលនៅក្នុងត្រីមាសទី៤ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei សម្រាប់ទីផ្សារក្នុងស្រុកកើនឡើង ៤៧% ធៀបនឹងឆ្នាំមុន ដោយធ្វើឱ្យក្រុមហ៊ុននេះស្ថិតនៅលំដាប់ទី៤ នាំមុខក្រុមហ៊ុន Xiaomi។ នេះបើយោងតាម Canalys ។

ទិន្នន័យបានបង្ហាញថា Apple រក្សាបានចំណាត់ថ្នាក់លេខមួយជាមួយនឹងកំណើន ៦% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងការនាំចេញ។ នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន Huawei បានប្រកាសថា អាជីវកម្មរថយន្តឆ្លាតវៃរបស់ខ្លួនបានឃើញប្រាក់ចំណូលកើនឡើង ១២៨.១% ពីឆ្នាំមុនដល់ ៤.៧ ពាន់លានយន់។ ក្រុមហ៊ុននេះបានលក់កម្មវិធី និងបច្ចេកវិទ្យាផ្សេងទៀត ទៅឱ្យក្រុមហ៊ុនរថយន្ត តាមរយការចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្ត សម្រាប់ម៉ាករថយន្តអគ្គិសនី Aito ផងដែរ៕

ដកស្រង់ពី៖Fresh News