បណ្តាញសង្គម

អ្នកគ្រប់គ្រង MGC បង្ហើប មកុដឆ្នាំនេះ មានតម្លៃខ្ទង់ ១ លានដុល្លារ

ប្រាកដណាស់កម្មវិធីប្រឡងបវរកញ្ញា Miss Grand Cambodia កំពុងតែដំណើរការជ្រើសរើសបេក្ខភាព ក៏ដូចជាការបើកបង្ហាញនូវមុខបេក្ខភាពតំណាងឱ្យខេត្ត-ក្រុងនីមួយៗ ដើម្បីត្រៀមការប្រកួតប្រជែងជ្រើសរើសអ្នកដែលមានសមត្ថភាពដ៏អស្ចារ្យគ្រងម្កុដ ឆ្នាំ២០២៤ នេះ។

ទោះបីជាយ៉ាងណា ខណៈពេលដែលកម្មវិធីប្រឡងកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២៤ បាននិងកំពុងដំណើរការនេះដែរ ស្រាប់តែមានការបង្ហើបតម្លៃមកុដពីសំណាក់អ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia គឺអ្នកនាង អ៊ឹម សុគន្ធា បានឱ្យដឹងថា តម្លៃមកុដឆ្នាំនេះ អាចមានតម្លៃខ្ទង់ ១លានដុល្លារ សម្រាប់បំពាក់បេក្ខភាពដែលដណ្តើមបានជ័យជំនះឆ្នាំនេះ។

អ្នកនាង អ៊ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Grand Cambodia បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយបង្ហាញខ្លឹមសារថា “Princess Alanka ប្រាប់ថាឆ្នាំនេះសុំមកុដ Miss Grand Cambodia 2024 មិនសូវថ្លៃប៉ុន្មានទេត្រឹមតែ 1M$”។ ដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានបង្ហាញការអបអរសាទរចំពោះម្ចាស់ជ័យលាភីគ្រងមកុដ នៅឆ្នាំនេះ ផងដែរ។

ថ្វីត្បិតមានការបង្ហើបពីតម្លៃម្កុដដែលចំណាយខ្ទង់លានដុល្លារ បែបនេះក្តី ប៉ុន្តែគេនៅមិនទាន់ដឹងទេថាតើបេក្ខភាពរូបណា នឹងអាចមានសមត្ថភាព និងទេពកោសល្យដណ្តើមបានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2024 នៅឡើយទេ ដូច្នេះមានតែការរង់ចាំតាមដានលទ្ធផល នៃការប្រកួតផ្លូវការក្នុងវគ្គផ្តាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខនេះ៕

ដកស្រង់ពី៖កម្ពុជាថ្មី