បណ្តាញសង្គម

លឿនជាងការរំពឹងទុក! សារី សុវត្តី សម្រេចចិត្តត្រឡប់មកអង្រួនវិស័យបវរកញ្ញាតាមការស្នើរសុំរបស់ហ្វេន

ក្រោយខកខានមិនបានតំណាងប្រទេសកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ Miss World បវរកញ្ញាពោរពេញដោយសមត្ថភាព ទេពកោសល្យ សារី សុវត្តី សម្រេចចិត្តត្រឡប់មកអង្រួនវិស័យបវរកញ្ញាតាមការស្នើរសុំរបស់អ្នកគាំទ្រហើយ ដោយនាងបានដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss International Cambodia 2024។

ផ្តល់កិច្ចសម្ភាសន៍ក្នុងពិធីសម្ភោធកម្មវិធី Miss and Mister International Cambodia 2024 កញ្ញា សារី សុវត្តី ថា នាងក៏ភ្ញាក់ផ្អើលដូចគ្នា ដោយមិនរំពឹងថា ខ្លួនឯងអាចនឹងត្រឡប់មកប្រកួតបវរកញ្ញាវិញលឿនខ្លាំងបែបនេះឡើយ។

កត្តាជំរុញឱ្យនាងត្រឡប់មកប្រកួតបវរកញ្ញាលើកនេះ គឺដើម្បីបន្តក្តីស្រមៃដែលចង់ក្លាយជាបេក្ខនារីតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ និងជាការបំពេញបំណងរបស់ហ្វេនៗដែលតែងតែទទូចសុំឱ្យនាងត្រឡប់មកប្រកួតវិញ។

ការសម្រេចចិត្តជ្រើសរើសចូលរួមប្រកួតកម្មវិធី Miss International Cambodia ព្រោះនាងស្រលាញ់គុណតម្លៃ និងបេសកម្មរបស់កម្មវិធីមួយនេះមែនទែន ដែលវាត្រូវជាមួយគុណតម្លៃ និងបេសកម្មផ្ទាល់ខ្លួនរបស់នាងតែម្តង គឺប្រមូលផ្តុំដោយចំណេះដឹង ក៏ដូចជាការប្រម៉ូតផ្សព្វផ្សាយពីវប្បធម៌ តំបន់ទេសចរណ៍ និងការដោះស្រាយបញ្ហាផ្សេងៗផងដែ បវរកញ្ញាពេញដោយថាមពលរូបនេះថា នាងត្រឡប់មកលើកនេះជាមួយគោលដៅច្បាស់លាស់ និងមានការតាំងចិត្តខ្ពស់ក្នុងការឈ្នះ ដើម្បីតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

ថែមទាំងប្តេជ្ញានាំកម្ពុជាចូលទៅវគ្គ Top កំពូលចុងក្រោយដូចភាពជោគជ័យដែល កញ្ញា សំណាង អេលីណា បានធ្វើសម្រាប់កម្ពុជាកាលពីឆ្នាំ២០២៣។សារី សុវត្តី សង្ឃឹមថា ពុកម៉ែបងប្អូន ពិសេសហ្វេនៗរបស់នាងនឹងបន្តគាំទ្រនាងសម្រាប់ការប្រកួតបវរកញ្ញាលើកនេះ ហើយនាងសន្យាថា មិនធ្វើឱ្យគ្រប់គ្នាអស់សង្ឃឹមលើរូបនាងឡើយ៕

 

ដកស្រង់ពី៖Sabay