បណ្តាញសង្គម

ចំណូល​ពន្ធដារ​ក្នុង​រយៈពេល​9​ខែ​ឆ្នាំ​នេះ កើនឡើង​ជិត​

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែឆ្នាំនេះ អគ្គនាយកដ្ឋាន ពន្ធដារប្រមូល ចំណូលពន្ធ-អាករ គ្រប់ប្រភេទសរុប បានចំនួន៤.៧៦៥.០៤០,១៦លានរៀល (ប្រមាណជា១.១៩១,២៦លានដុល្លារ) ស្មើនឹង៨៣,៨០% នៃគោលដៅ ដែលកំណត់ដោយ ច្បាប់ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៦ ។

បើប្រៀបធៀប នឹងរយៈពេល ដូចគ្នានៃឆ្នាំ២០១៥ ឃើញថា ការប្រមូល ចំណូលពន្ធ-អាករ គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៦ កើនឡើង៧៩៣.៧៧៤,៩២លានរៀល (ប្រមាណ១៩៨,៤៤លានដុល្លារ) ឬស្មើនឹង អត្រាកំណើន១៩,៩៩% ។ ដោយឡែក ក្នុង ខែកញ្ញាឆ្នាំនេះ ការប្រមូលពន្ធ-អាករ គ្រប់ប្រភេទតាម ប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូល អនឡាញ (Online) របស់អគ្គនាយក ដ្ឋានពន្ធដារ បានចំនួន៥០៦.០០០,០០លានរៀល (ប្រមាណជា១២៦,៥០លានដុល្លារ) ។

 នេះបើយោងតាម លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃ អគ្គនាយក ដ្ឋានពន្ធដារ បាន បញ្ជាក់ក្នុងកិច្ច ប្រជុំបូក សរុបលទ្ធផល គ្រប់គ្រងប្រមូល ចំណូលពន្ធ ប្រចាំខែកញ្ញា និង ត្រីមាសទី៣ឆ្នាំ២០១៦ នៅសាលប្រជុំ សាលាជាតិពន្ធដារ កាលពីព្រឹកថ្ងៃ ទី១២ តុលា កន្លងទៅ ។

ក្នុងកិច្ចប្រជុំ នេះដែរ វិទ្យាស្ថានស្តង់ ដាអង់គ្លេស (British Standard Institution-BSI)នៃចក្រភព អង់គ្លេស តាមរយៈក្រុមហ៊ុន TrueIDC ប្រចាំនៅ ព្រះរាជាណាចក្រថៃឡង់ បានប្រគល់ វិញ្ញាបនបត្រ ISO 27001:2013 ផ្នែកប្រព័ន្ធ គ្រប់គ្រងព័ត៌មានវិទ្យា (Information Security Management System) នៃមជ្ឈមណ្ឌល ទិន្នន័យ (Data Center) ជូន អគ្គនាយកដ្ឋានពន្ធដារផងដែរ ដែលនេះគឺជា កិត្តិយសរបស់អគ្គនាយក ដ្ឋានពន្ធដារ ក៏ដូចជាក្រសួង សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ដែលមាន ស្ថាប័នរដ្ឋមួយ ឈានមុខគេក្នុងការទទួល បានវិញ្ញាបនបត្រនេះ ដែលកន្លងមក មានតែវិស័យ ឯកជនប៉ុណ្ណោះធ្លាប់ មានការប្រកួត ប្រជែងគ្នាក្នុង ការទទួលបាន នូវវិញ្ញាបនបត្រ ISO ។

មុននឹងផ្តល់ វិញ្ញាបនបត្រ នេះជូនអគ្គនាយក ដ្ឋានពន្ធដារ ក្រុមការងារ វាយតម្លៃរបស់ TrueIDC បានចុះមកពិនិត្យ និង វាយតម្លៃមជ្ឈមណ្ឌល ទិន្នន័យ (Data Center) របស់អគ្គនាយកដ្ឋាន ពន្ធដារជាច្រើន លើកច្រើនសា និងពិនិត្យឃើញថា អគ្គនាយកដ្ឋាន ពន្ធដារបានបំពេញតាម គ្រប់លក្ខខណ្ឌតម្រូវ របស់ក្រុមវាយតម្លៃ រួមទាំងលក្ខខណ្ឌ បច្ចេកទេស និង លក្ខខណ្ឌផ្នែក Software និង Hardware ជាដើម ដែលត្រូវមាន ភាពសមស្រប ឆ្លើយតបទៅ នឹងស្តង់ដារបស់ ក្រុមអ្នកវាយតម្លៃ ។

ក្នុងន័យនេះ មជ្ឈមណ្ឌលទិន្នន័យ គឺមានសារ សំខាន់ខ្លាំងណាស់ សម្រាប់អគ្គនាយក ដ្ឋានពន្ធដារ ព្រោះរាល់ទិន្នន័យ ទាំងទ្បាយរបស់ អ្នកជាប់ពន្ធ ទូទាំងប្រទេស ត្រូវបានរក្សាទុក ក្នុងមជ្ឈមណ្ឌល ទិន្នន័យនេះ ដែលទាមទារ ឲ្យមានការប្រុងប្រយ័ត្ន និងត្រូវមាន សុវត្ថិភាពខ្ពស់ជាទីបំផុត ។

លោក គង់ វិបុល ក៏បានបញ្ជាក់ បន្ថែមទៀតផង ដែរនូវការយក ចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់ជីវភាពរស់នៅ និងការប្រកប ការងារប្រចាំថ្ងៃរបស់កម្មករ និយោជិតនៃរោងចក្រ សហគ្រាសទាំងអស់ ដែលថ្មីៗនេះតាមរយៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរ ណែនាំលេខ០១១ សហវ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្តីពី ការអនុវត្តកាតព្វកិច្ច កាត់ទុកពន្ធលើ អត្ថប្រយោជន៍បន្ថែម ដើម្បីផ្តល់នូវការអនុ គ្រោះដោយមិនគិត បញ្ចូលទៅក្នុងមូលដ្ឋានគិត ពន្ធលើប្រាក់បៀវត្ស និង មិនចាត់ទុកជាកម្មវត្ថុនៃ ពន្ធលើអត្ថប្រយោជន៍ បន្ថែមចំពោះប្រាក់ ឧបត្ថម្ភមួយចំនួន ដែលកម្មករ និយោជិតទទួលបាន ពីការបំពេញការងារ ៕