បណ្តាញសង្គម

៣ឆ្នាំនៃការបង្កើតមូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ក្រសួងអប់រំ បានអនុវត្តថវិកាកម្មវិធីក្នុងទំហំថវិកា១២ពាន់លានរៀល លើគម្រោងចំនួន២៦

(ភ្នំពេញ)៖ ក្នុងរយៈពេល៣ឆ្នាំនៃការបង្កើតមូលនិធិការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (ស.គ.ន.) ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តថវិកាកម្មវិធីក្នុងទំហំថវិកា ១២ពាន់លានរៀល លើគម្រោងចំនួន២៦ ដោយមានកិច្ចសហការជាមួយស្ថាប័នចំនួន៣០ ដែលក្នុងនោះមាន ២១ជាគ្រឹះស្ថានឧត្តមសិក្សា ៣ជាអង្គភាពនាយកដ្ឋាន ១ជាគ្រឹះស្ថានមធ្យមសិក្សា និង ៥ជាស្ថាប័នឯកជន ឬដៃគូអភិវឌ្ឍ។

នេះជាការបញ្ជាក់របស់ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានមជ្ឈមណ្ឌលអប់រំឌីជីថល និងការអប់រំពីចម្ងាយ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤

នាឱកាសដែលក្រសួងអប់រំ បានរៀបចំកិច្ចប្រជុំស្តីពីសមិទ្ធផល និងទិសដៅបន្តនៃការអនុវត្តថវិកាកម្មវិធីមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ដែលបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

បើតាមលោកបណ្ឌិត សាន វឌ្ឍនា គម្រោងទាំង ២៦នេះ បែងចែកជាសកម្មភាពចម្បងៗចំនួន ៧ប្រភេទដូចជា៖ ១៖ គម្រោងរៀបរៀងនិពន្ធ និងកែលម្អសៀវភៅសិក្សាគ្រឹះស្ថានឧត្តមសិក្សា៖ មូលនិធិ ស.គ.ន បានពិនិត្យលទ្ធភាព និងផ្តល់ថវិកាគាំទ្រសរុបចំនួន ១៥៦៥ចំណងជើង ដែលបានរួចរាល់ជាស្ថាពរសរុបចំនួន៨៩៥ចំណងជើង រួមមាន

៖ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ (៥៨២ ចំណងជើង) គ្រឹះស្ថានឧត្តមសិក្សាឯកជន(១១២ ចំណងជើង) កម្មវិធីសាលារៀនជំនាន់ថ្មី (១៤៣ ចំណងជើង) នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹត្យការ (៦៩ ចំណងជើង) នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា (១១ ចំណងជើង) និងសៀវភៅអំណានទូទៅ (១២ ចំណងជើង)។

២៖ ការលើកកម្ពស់ការប្រកួតប្រជែងស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្ត និងការសិក្សាដោយការបង្កើតគម្រោងពីកម្រិតមធ្យមសិក្សា ដល់ឧត្តមសិក្សា មាន៣គម្រោង រួមមាន៖

ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា» លើកទី១ ឆ្នាំ២០២១ និងលើកទី២ ឆ្នាំ២០២៣ និងការរៀបចំប្រកួតប្រជែងស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍សម្រាប់ពានរង្វាន់សម្តេចតេជោ ឆ្នាំ២០២៣។

៣៖ ការជំរុញ និងលើកកម្ពស់ចំណាប់អារម្មណ៍ និងការសិក្សាស៊ីជម្រៅលើមុខវិជ្ជាវិទ្យាសាស្រ្ត ដោយការបង្ហាញពិសោធន៍វិទ្យាសាស្រ្ត៖ មាន៤គម្រោង រួមមានគម្រោងបណ្តុះបណ្តាលសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជាលើផ្នែក វិទ្យាសាស្រ្តបរិស្ថាន,

ការអភិវឌ្ឍសមត្ថភាពវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់យុវជនផ្តោតលើការបង្ហាញពិសោធន៍វិទ្យាសាស្រ្ត ការអនុវត្តទ្រឹស្តីជាមួយនឹងវិទ្យាសាស្រ្ត និងការសិក្សាជាមួយមាតិកាឌីជីថល និង Harpswell Cambodian Women’s Leadership program តើវិទ្យាសាស្ត្រឆ្លុះបញ្ចាំងអ្វីខ្លះពីជីវិត?

និងគម្រោងរៀបចំពិព័រណ៌អចិន្ត្រៃយ៍នៃសម្ភារៈពិសោធវិទ្យាសាស្រ្ត ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

៤៖ ការប្រើប្រាស់ថវិកាជាកត្តាលីករក្នុងការទាក់ទាញការស្រាវជ្រាវពីដៃគូ លើការអប់រំឌីជីថល ការបង្កើនគុណភាពអប់រំ និងការកែទម្រង់ប្រព័ន្ធអប់រំ ៖

មាន៤គម្រោង រួមមាន គម្រោងមជ្ឈមណ្ឌលច្នៃប្រឌិតមេហ្កាត្រូនិក ជាមួយអង្គការ STEM Cambodia, គម្រោងសកម្មភាព SATREPS ស្តីពី Air quality ដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដោយមានការគាំទ្រ JICA និង JST, គម្រោងបណ្តុះបណ្តាលផ្នែកបញ្ជាម៉ាស៊ីននិម្មិតទម្រង់៣វិមាត្រ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការស្រាវជ្រាវលើគម្រោងផ្កាយរណបខ្នាតតូចជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

និងគម្រោងគាំទ្រមជ្ឈមណ្ឌលបច្ចេកវិទ្យាហ្គេម (Game Technology) ដោយសហការជាមួយអង្គការ KAPE និងកម្មវិធីសាលារៀនជំនាន់ថ្មី។

៥៖ គម្រោងស្រាវជ្រាវអនុវត្តលើវិស័យកសិកម្ម និងការប្រែក្លាយស្ថាប័នជាមជ្ឍមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយការគាំទ្រដំណើរការស្រាវជ្រាវនៃមន្ទីរពិសោធន៍ ៖ មាន៦គម្រោង រួមមានគម្រោងស្រាវជ្រាវជាលិកាវប្បកម្ម និងជីវបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាស៊ីមកំចាយមារ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យក្រចេះ,

គម្រោងបច្ចេកវិទ្យាផលិតជីសរីរាង្គប៉ូតាស្យូម Humate ពីវត្ថុធាតុដើមក្នុងស្រុក ដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុនគីរីរម្យហ្វូដប្រដាក់សិន និងការបង្កើតមន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត នៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច)។

៦៖ គម្រោងស្រាវជ្រាវ អភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងកម្ពុជា និងបារាំង ទន្លេសាប «Tonlé Sap” Hubert Curien Partnership» ដែលគាំទ្រដល់កិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ចំនួន៥គម្រោង រួមមានគម្រោងឌីជីថលនីយកម្ម

និងច្បាប់ការងារ, ការសិក្សាផលប៉ះពាល់នៃបច្ចេកទេសកែច្នៃគុណភាពក្លិននៃផលិតផលកែច្នៃស្វាយ, ថេរភាពនៃម្សៅត្រីធ្វើពីត្រីតូចៗ, ការវិភាគនៃដំណើរការសិក្សាពិតប្រាកដជាមួយបច្ចេកវិទ្យាអប់រំ, និងការណែនាំប្រព័ន្ធអេកូឡូស៊ីត្រូពិច និងអ្នកប៉ាន់ស្មានជីវចម្រុះ

៧៖ ការបង្កើត និងពង្រឹងអេកូស៊ីស្តែមនៃកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជ្រាវ និងវិស័យឯកជន-ឧស្សាហកម្ម តាមរយៈការបណ្តុះធុរកិច្ច ៖

មាន១គម្រោង ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចនៃកម្ពុជា (National Incubation Center of Cambodia) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

ដកស្រង់ពី៖ Fresh News