បណ្តាញសង្គម

កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជានៅដើមសប្តាហ៍ក្រោយ, សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាគណៈអធិបតីបើកកិច្ចប្រជុំនេះ

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម នៅកម្ពុជានិងអាស៊ាន រៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) នៅរាជធានីភ្នំពេញ ក្រោមមូលបទ

«បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន (Unleashing ASEAN's Potential: Connectivity, Technology, and Inclusive Growth)»។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៤ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាគណៈអធិបតី

និងថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨៖៣០នាទីព្រឹក នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជា និងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំនុចស្នូល និងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន,

កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន។

ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន នឹងត្រូវបានបើកឱ្យចូលរួមនិងផ្សព្វផ្សាយព័ត៌មានអំពី កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤នេះ។

ដើម្បីសម្រួលដល់ការយកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំជាបន្ទប់សម្រាប់អ្នកសារព័ត៌មាន ដែលបំពាក់ដោយបរិក្ខាសមស្រប និងអ៊ីនធើណែតល្បឿនលឿន។

ក្រៅពីនេះ រាល់បច្ចុប្បន្នភាពព័ត៌មាន និងកម្មវិធីនឹងមានផ្សព្វផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជាកម្ពុជាផងដែរ https://www.facebook.com/ccc.org.kh ៕

ដកស្រង់ពី៖ Fresh News