បណ្តាញសង្គម

១១ខែនៃការបើកដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបាន ៣២លានដុល្លារអាមេរិក

(ភ្នំពេញ)៖ គិតពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣២លានដុល្លារអាមេរិក ក្នុងនោះត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ក្នុងនោះរាប់ចាប់ពីខែមករា ដល់ខែកញ្ញា រកចំណូលបានប្រមាណ ២៧លានដុល្លារអាមេរិក។

នេះបើយោងតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ។ លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងទៀតថា ដោយឡែក គិតត្រឹមរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ នេះ មានយានយន្តចំនួនប្រមាណ ៣លានគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ រយៈពេល៩ខែចុងក្រោយនេះ មានការស្នើសុំ និងចុះសង្គ្រោះចំនួនប្រមាណ ៣០០០លើក។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ ២៥០ករណី (ភាគច្រើនករណីស្រាល)។ ក្នុងនោះ មានរបួស៣៣នាក់ និងមានអ្នកស្លាប់ ៤នាក់។

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់ កើតឡើងតិចជាងមួយដង ក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗដែលមានចរាចរណ៍មមាញឹកដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់ និងចំណេញពេលវេលាធ្វើដំណើរ៕

ដកស្រង់ពី៖ Fresh News