បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន មានរឿងខ្លះវាសាំញ៉ាំស្មុគស្មាញចាក់ច្រេះមិនអាចបញ្ចេញនៅពេលនេះទេ គឺអាច១០ឆ្នាំទៀតទើបអាចបញ្ចេញបាន

ភ្នំពេញ៖នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថានៅកម្ពុជាមានរឿងរ៉ាវច្រើនណាស់ដែលកន្លងផុតគ្រាន់ តែរឿងអតីតកាលខ្លះយើងហ៊ានបញ្ចេញឬមិនហ៊ានបញ្ចេញ ។

សម្តេចក៏បានបង្ហាញនូវសៀវភៅឯកសារដ៏ក្រាស់មួយក្បាលដែលសម្តេចបានចងក្រងទុក ហើយសម្តេចបានបញ្ជាក់ថា រឿងរ៉ាវនៅក្នុងសៀវភៅនេះត្រូវការរយៈពេលប្រមាណជា ១០ ឆ្នាំទៀតទើបអាចបញ្ចេញ ព្រោះរឿងនៅទីនេះវាសាំញ៉ាំស្មុគស្មាញនិងចាក់ច្រេះ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងនៅក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរប្រារព្ធខួប៤៦ឆ្នាំនៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលប្រារព្ធឡើងនៅក្រសួងការពារជាតិនាព្រឹកថ្ងៃទី ២០ មិថុនា ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«ខ្ញុំចង់ថារឿងដែលបានកន្លងផុត ប៉ុន្តែរឿងទាំងអស់នេះវាពិតជាយើងមិនអាចនិយាយអំពីអតីតកាល ហើយដូរអតីតកាលកើតទេគ្រាន់ តែរឿងអតីតកាលយើងហ៊ានបញ្ចេញឬមិនហ៊ានបញ្ចេញ ។

សៀវភៅនេះប្រមាណជា ១០ ឆ្នាំទៀតទើបខ្ញុំឲ្យបញ្ចេញព្រោះរឿងនៅទីនេះវាសាំញ៉ាំស្មុគស្មាញចាក់ច្រេះ»។

សម្តេចបានឲ្យដឹងទៀតថា«ខ្ញុំបានចាប់ផ្ដើមនិយាយវាចាប់តាំងពីឆ្នាំ១៩៧៧ មកដល់ឆ្នាំ២០០៥ រាប់បញ្ចូលទាំងបញ្ហាធម្មនុញ្ញបន្ថែមបោះឆ្នោតជាកញ្ចប់តើមានបញ្ហាអ្វីកើតឡើងដូច្នេះ វាមិនទាន់ដល់ពេលវេលាដែលត្រូវផ្សព្វផ្សាយចេញនោះទេ។

ប៉ុន្តែបានខ្ញុំបានញ្ជូនឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ មួយច្បាប់ , សម្ដេច ម៉ែន សំអន មួយច្បាប់,លោកណឹម សុវត្ថិ មួយច្បាប់ ហើយជូនទៅលោក កែវ បាភ្នំ មួយច្បាប់ជា PDF។

តែមិនទាន់អាចឱ្យមានការផ្សព្វផ្សាយទេប៉ុន្តែអាចប្រើជាឯកសារយោងតែប៉ុណ្ណោះ។ រឿងរ៉ាវទាំងឡាយវាមិនតូចទេធំណាស់តែខ្ញុំឆ្លង ផុតនៅឧបសគ្គទាំងឡាយ។ » ៕

ដកស្រង់ពី៖ រស្មីកម្ពុជា