បណ្តាញសង្គម

នាយឧត្តមសេនីយ៍ ខេង សុមេធ៖ សម្តេចតេជោ លើកទឹកចិត្តឱ្យលោកគ្រូ សាន សុជា បន្តការផ្សព្វផ្សាយព្រះធម៌អប់រំចិត្ត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកគ្រូ សាន សុជា ចូលជួបសម្តែងការគួរសមនៅគេហដ្ឋានរបស់សម្តេចក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងជំនួបសម្តែងការគួរសមនោះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិផងដែរ។

លោកគ្រូ សាន សុជា បានថ្លែងប្រាប់ Fresh News ថា ជំនួបសម្តែងការគួរសមនេះ កើតមានភ្លាមៗនៅពេលដែលលោកអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណសញ្ជាតិកម្ពុជា ពោលមិនមែនជាការគ្រោងទុកអ្វីនោះឡើយ។

ដោយសារតែរវល់ជួបសម្តែងការនឹករលឹកជាមួយក្រុមគ្រួសារ និងសាច់ញាតិ លោកគ្រូ សាន សុជា មិនបានផ្តល់បទសម្ភាសន៍អ្វីច្រើននោះឡើយ។

នាយឧត្តមសេនីយ៍ ខេង សុមេធ ដែលបានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសមដែរនោះ បានប្រាប់ Fresh News ថា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្ត ចំពោះការផ្សព្វផ្សាយព្រះធម៌អប់រំចិត្ត របស់លោកគ្រូ សាន សុជា។

សម្តេចតេជោ ក៏បានលើកទឹកចិត្តលោកគ្រូ សាន សុជា បន្តការផ្សព្វផ្សាយព្រះអប់រំចិត្តនេះ បន្តទៅទៀត។

បើតាមនាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ថា នៅក្នុងជំនួបនេះ មិនមានការជជែកអ្វីច្រើនពីការសួរសុខទុក្ខ និងការជជែកពីរឿងផ្សព្វផ្សាយព្រះធម៌នោះឡើយ។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានអះអាងដែរថា ក្នុងជំនួបនោះ មិនមានការជជែកដល់ការផ្តល់តួនាទី ឬឋានៈអ្វីមួយដល់គ្រូលោកគ្រូ សាន សុជា ក្នុងជួររាជរដ្ឋាភិបាលនោះឡើយ។

សូមបញ្ជាក់ថា លោកគ្រូ សាន សុជា បានបួសរៀនព្រះធម៌ក្រោមម្លប់ព្រះពុទ្ធសាសនាអស់រយៈពេលជាង ៣០ព្រះវស្សា។ លោកគ្រូ ទទួលបានប្រជាប្រិយភាពខ្ពស់ពីប្រជាពុទ្ធបរិស័ទ តាមរយៈការផ្សព្វផ្សាយព្រះអប់រំចិត្ត និងការពន្យល់បកស្រ័យអំពីព្រះធម៌។

លោកគ្រូ សាន សុជា បានលាចាកសិក្ខាបទកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។ ការលាចាកសិក្ខារបស់ព្រះអង្គ នាំឱ្យមានការសោកស្តាយខ្លាំងពីសំណាក់ប្រជាពុទ្ធបរិស័ទ ដែលធ្លាប់បានស្តាប់ការពន្យល់បកស្រាយព្រះធម៌។

បើទោះបីបានលាចាកសិក្ខា តែលោកគ្រូ សាន សុជា នៅបន្តការសិក្ខាបទជាឧបាសក ហើយបន្តផ្សព្វផ្សាយព្រះធម៌ផងដែរ៕

ដកស្រង់ពី៖ Fresh News