បណ្តាញសង្គម

រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រតិកម្មចំពោះការ Live ព័ត៌មានមិនគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរអ្នកដទៃ

លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃឲ្យបានខ្ជាប់ខ្ជួន ជាពិសេសអ្នកផ្សាយផ្ទាល់ (Live) តាមហ្វេសប៊ុក។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកើតមានឥរិយាបថនៃការផ្សព្វផ្សាយព័ត៌មាន ចំពោះគ្រួសារជនរងគ្រោះ លើករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់ម្សិលថ្ងៃទី១១ ខែមិថុនា។

សូមជម្រាបថា វីដេអូផ្សាយផ្ទាល់ករណីខាងលើនោះ គឺបានបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកសារព័ត៌មានមួយក្រុមធំ បានព្យាយាមតាមថតនារីម្នាក់ ដែលត្រូវជាសាច់ញាតិជនរងគ្រោះ ខណៈដែលនារីរូបនេះព្យាយាមដើរគេចចេញ

ពីកាមេរ៉ា និងការសួរសំណួរពីក្រុមអ្នកសារព័ត៌មាន ជាច្រើនលើក។ដោយមើលឃើញពីសកម្មភាពមិនគោរពសិទ្ធិបុគ្គលឯកជនបែបនេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានរៀបរាប់យ៉ាងដូច្នេះថា

“ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងឡាយ ជាពិសេសអ្នកផ្សាយផ្ទាល់ (Live) តាមហ្វេសប៊ុក សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃឲ្យបានខ្ជាប់ខ្ជួន” ។

លោកបន្តទៀតថា “ការបំពានសិទ្ធិបុគ្គលឯកជន គឺជាអំពើខុសក្រមសីលធម៌ និងខុសច្បាប់ ដែលត្រូវចៀសវាងជាដាច់ខាត”។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ កើតមានគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបុរសម្នាក់បើករថយន្តបុកទួលស្ពានថ្ម គៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះកើតឡើង នៅលើផ្លូវបេតុងមួយ ក្នុងភូមិសាស្ត្រសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ដកស្រង់ពី៖ រស្មីកម្ពុជា