បណ្តាញសង្គម

ប្រធានមន្ទីរ សាធារណការ បញ្ជាក់មូលហេតុ ទឹកភ្លៀង លិចក្រុងភ្នំពេញ

ភ្នំពេញ ៖ ប្រធានមន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបង្ហាញ មូលហេតុ ជាច្រើនយ៉ាង ដែលភ្លៀង ធ្លាក់ធ្វើឲ្យលិចនៅ ទូទាំងរាជធានី ។

ការបញ្ជាក់ពី មូលហេតុនេះ បានធ្វើឡើងនៅ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ក្នុងគ្រា ដែលលោកបាន ផ្តល់បទសម្ភាសខ្លីមួយ ជាមួយអ្នកសារព័ត៌មាន ទូរទស្សន៍ និងកាសែតជាតិ ទាក់ទិន ជំនន់ទឹកភ្លៀង កាលពី ល្ងាចថ្ងៃទី ១ សីហា។ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា  សម្រាប់ភ្នំពេញ បើកម្រិតទឹកភ្លៀង កំពស់ មិនដល់ ៤០មីលីម៉ែត្រ ក្នុងមួយ ម៉ោងគឺមិន លិចធ្ងន់ធ្ងរនោះទេ ប៉ុន្តែបើលើសពីនេះ ច្បាស់ជាលិចមិន ខានឡើយ គ្រាន់តែការលិចនោះ ទឹក ស្រកវិញប្រើពេលវេលាខ្លី ជាងមុនប៉ុណ្ណោះ ។

ទោះបីជាយ៉ាង ណាក្តីក៏មាន មោទនភាពផងដែរ ដោយចាប់ពីចូល រដូវវស្សា ផ្តើមពី ខែឧសភា មិថុនានិងខែកក្កដា ៣ខែកន្លងមកនេះ មានភ្លៀងធ្លាក់ ជាច្រើនលើកដែរ តែតំបន់ មួយចំនួនដែលធ្លាប់លិច បែរជាមិនមានការលិច ដោយសារតំបន់ មួយចំនួន បានដាក់បណ្តាញ លូធំៗ ជាច្រើនកន្លែង អាចរំដោះទឹកភ្លៀង ។

លោកសាំ ពិសិដ្ឋ បានលើកឡើងទៀតថា មូលហេតុ នៃការលិចដោយ ជំនន់ទឹកភ្លៀងនេះ ដោយសារ សណ្ឋាន ដីទីក្រុង ជាទំនាបរាងបាតខ្ទះ ព័ទ្ឋជុំវិញដោយទំនប់ ងាយរងគ្រោះដោយ ជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេ ។ ការបម្រែបម្រួល អាកាសធាតុ បណ្តាលភ្លៀងធ្លាក់ខ្លាំង និងមានរយ:ពេលខ្លី លើសពី ៤០មីលីម៉ែត្រ ក្នុងមួយម៉ោង ។ បណ្តាញលូមាន ទំហំតូច និងចាស់ទ្រុ ឌទ្រោម សល់តាំងពីសង្គមរាស្ត្រនិយម ដែលមិនទាន់ បានផ្លាស់ប្តូរអស់ ។

សមត្ថភាព នៃស្ថានីយ៍មូបទឹក មិនគ្រប់គ្រាន់ ។ ការសាងសង់ លើប្រឡាយ និងអាងស្តុកទឹក ជាពិសេសបឹង ត្របែកតែម្តង ដែលបឹងនេះ មានមុខងារ ទទួលទឹក ពី៦០%ទៅ៧០% នៃតំបន់ក្នុងទីក្រុង ។ កំណើននៃការ ប្រើប្រាស់ទឹកស្អាត បង្ហូរចូលបណ្តាញលូ ។ បញ្ហាសម្រាម នៅមាត់លូ និងអណ្តូងលូ ដែលធ្វើឲ្យទឹក ស្ទះមិនហូរ ។ អណ្តូងលូមួយចំនួន ត្រូវបានបិទ ឬលុបចោល ។ ប្រធានមន្ទីររូបនេះ បន្ថែមថា ទោះជាយ៉ាងណា ក្រោយពីភ្លៀងទឹក បានស្រកយ៉ាងលឿន ជាងឆ្នាំមុនៗ ដែលទីតាំងខ្លះ ស្រកក្នុងរយ:ពេលតែ ១៥នាទី ខ្លះ៣០នាទី ខ្លះ ១ឬ ២ម៉ោងប៉ុណ្ណោះ មិនដូចពេល មុនៗមួយយប់ទល់ភ្លឺ ក៏ទឹកនៅមិនទាន់ ស្រកអស់ផង ។

លោកប្រធាន បានបញ្ជាក់ទៀតថា សាលារាជធានី បាននឹងកំពុងខិតខំ ធ្វើការកសាង ហេដ្ឋារចនាសម្ព័ន្ឋលូ ប្រឡាយជា រៀងរាល់ថ្ងៃ ដែលលទ្ឋផល បានកាត់បន្ថយ ការលិចទឹក នៅឆ្នាំ២០១៥ បានប្រមាណ ៣០% នៃផែនការ ។ តំបន់ដែលបន្ថយ ការលិចលង់មាន តំបន់មុខវាំង តំបន់ផ្សារកណ្តាល ផ្លូវហ្សាលដឺហ្គោល ផ្លូវសុកហុក តំបន់អូរឫស្សី ផ្លូវលេខ ១៦៣ខាងកើត ស្តាតអូឡាំពិក មុខវត្តមហាមន្ត្រី ផ្សារទួលទំពូង មុខស្ថានទូតចិន ផ្លូវត្រសក់ផ្អែម តំបន់ព្រឹទ្ឋសភា ផ្លូវវ៉េងស្រេង ។ ជាទិសដៅសាលា រាជធានីភ្នំពេញ នឹងជុំរុញរៀបចំ ដោះស្រាយ ទឹកលិចនៅ ទីតាំងមួយចំនួនទៀត ៕

 

ដកស្រងពី៖ដើមអម្ពិល