បណ្តាញសង្គម

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឲ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង

ស្របពេលដែលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយនោះ គឺសកលលោកទាំងមូល ក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដ៏គួរឲ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល។

នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពេលអញ្ជើញទទួលអំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer សម្រាប់កុមារចំនួន ៣០០,០០០ដូស ពីប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាប្រឈមដ៏គួរឲ្យព្រួយបារម្ភនោះ គឺការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឲ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក

និងសហភាពអឺរ៉ុប ដែលបានជំរុញឲ្យធនាគារកណ្ដាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តឡើងនៃអតិផរណា ដែលការណ៍នេះអាចនឹងធ្វើឲ្យតម្រូវការសកលធ្លាក់ចុះ។ជាងនេះទៅទៀត អតិផរណាខ្ពស់ ក៏បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។

បើតាមសម្ដេចតេជោ «ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់»។

ក្នុងស្មារតីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុត ប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ក្នុងនាម ជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២នេះ កម្ពុជានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន ក៏ដូចជារវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញ ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី