ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៤ ខែឧសភា បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយលោក ហ្សាក ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូត បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និង មន្ត្រីជំនាញស្ថានទូត ដែលពាក់ព័ន្ធ។
លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើន យ៉ាងឆាប់រហ័សក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជា ក្រោមការ ខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណ ការ និងដឹកជញ្ជូន
ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ។
ថ្លែងក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការតភ្ជាប់ បណ្តាញ ផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាន និងកំពុងធ្វើឱ្យ ប្រសើរឡើងពីផ្លូវពីរគន្លងទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់
ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។
បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម
និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើង ស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោង អភិវឌ្ឍន៍រថភ្លើង Monorail និងបាន
ស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំងពិនិត្យ លទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅ ក្នុងរាជធានីភ្នំពេញ។
លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ និង បានឆ្លៀតឱកាសបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ដកស្រង់ពី៖ រស្មីកម្ពុជា