បណ្តាញសង្គម

ដំណើរការសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារតាមរោងចក្រសហគ្រាស

រាជធានីភ្នំពេញ ៖ ភាគីពាក់ព័ន្ធចំនួន៣ បានចាប់ផ្តើមអនុវត្តគម្រោង សាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ នៅតាមរោងចក្រសហគ្រាស (MUSEFO) ។

ការអនុវត្តគម្រោងនេះធ្វើឡើង ដោយមានការចុះអនុស្សរណៈនៃការយោគយល់គ្នាមានសុពលភាព រយៈពេល១៥ខែ ដែលត្រូវបានចុះហត្ថលេខារវាងឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ

និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយលោកស្រីបណ្ឌិត ហ្គ្វីណេត ខុតស៍ (Gwyneth Cotes) នាយិកាប្រចាំប្រទេសអង្គការ Helen Keller និងលោក ហ្វារីដ ស៊ែលមី (Farid Selmi) នាយកគម្រោង MUSEFOនាព្រឹកថ្ងៃទី៤ ឧសភានៅទីស្តីការក្រសួងការងារ ។

គម្រោងនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងអង្គការ និងក្រសួងក្នុងការអនុវត្ត «គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស» ស្របតាមយុទ្ធសាស្ត្រ ចតុកោណក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា ។

គម្រោងនេះ ផ្ដោតលើរោងចក្រចំនួន១៨កន្លែង ដែលមានអ្នកធ្វើការសរុបចំនួន២១,១៦៦នាក់ ។

ដោយផ្តល់ការបណ្តុះបណ្តាលស្តីពីសារៈសំខាន់នៃការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារដល់និយោជក ឬតំណាងរបស់ខ្លួន កម្មករ កម្មការិនីក្នុងវ័យបន្តពូជ និងកម្មការិនីកំពុងមានផ្ទៃពោះ និងបំបៅដោះកូន ។

លោកស្រី ហ្គ្វីណេត ខុតស៍ បញ្ជាក់ថា បច្ចុប្បន្នអង្គការហេទ្បែន ខេលល័រ កំពុងរៀបចំដំណើរ ការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោងចក្រមួយចំនួនតាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់ សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា ។

កម្មវិធីនេះបានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភដូចជា ៖

១. សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារពីជំងឺផ្សេងៗ

២. អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារ ជាតិចិញ្ចឹមខ្ពស់ ដើម្បីសុខភាព និងថាមពលមាំមួន

៣.ការថែទាំសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន

និង៤.ការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំទ្បុងពេលធ្វើការងារ ដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត ។

លោកស្រី នាយិកា លើកឡើងថា គម្រោងនេះនឹងផ្តល់ជូននូវសម្ភារអប់រំផ្សព្វផ្សាយព្រមទាំងបំពាក់នូវឧបករណ៍មួយចំនួនដូចជា ៖

ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើមដល់បន្ទប់បំបៅដោះកូនដែលមានស្រាប់នៅតាមរោងចក្រគោលដៅនីមួយៗ ។

លោកស្រី បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានសហការយ៉ាងជិតស្និត ដើម្បីរៀបចំឲ្យមាន MOU នេះឡើង ដែលបានផ្តល់អាទិភាពចំពោះបញ្ហាសុខភាពទៅដល់កម្មករនិយោជិត ។

លោកស្រី សង្កត់ធ្ងន់ថា សម្រាប់រដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រលើគម្រោងនឹងសម្រេចបានចំនួន៨៥ភាគរយសម្រាប់អាហារូបត្ថម្ភ និង៨៥ភាគរយទៀតសម្រាប់ការបំបៅដោះកូននៅតាមរោងចក្រ សហគ្រាស នៅក្នុងឆ្នាំ២០៣០ខាងមុខនេះ ។

ចំណែកឯកឧត្តម អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះគម្រោង ដែលបានបង្កើតនូវកម្មវិធីពាក់ព័ន្ធនឹងអនាម័យ អាហាររូបត្ថម្ភ កុមារ នៅតាមរោងចក្រ សហគ្រាស ជាពិសេសជា

ស្ត្រីឲ្យស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក៏ដូចជា ផែនការយុទ្ធសាស្ត្របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែអនុវត្តនៅតាមបណ្តារោងចក្រសហគ្រាសនានាក្នុងប្រទេសកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកគម្រោងនេះថា បានរួមចំណែកយ៉ាងសំខាន់នៅក្នុង ការជំរុញបន្ថែមនូវការថែទាំសុខភាព អនាម័យ ស្ត្រី និងកុមារឲ្យមានភាពកាន់តែប្រសើរ ស្របពេលដែលក្រសួងការងារ បានកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋានថ្មីៗរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។

ឯកឧត្តម ជឿជាក់ថា តាមរយៈគម្រោងនេះ ក៏កាន់តែធ្វើឲ្យនិយោជក អនុវត្តន៍បាន ប្រសើរ ព្រមទាំងលើកទឹកចិត្តទៅដល់កម្មករនិយោជិត ត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យ អាហាររូបត្ថម្ភ និងផលិតភាពការងារផងដែរ។

ជាក្តីរំពឹងទុក គម្រោងនេះ មិនត្រឹមតែជួយដល់ លក្ខខណ្ឌការងារប៉ុណ្ណោះទេ ថែមទាំងជួយដល់សេដ្ឋកិច្ចរបស់ជាតិថែមទៀត។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈគ ម្រោងGIZ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មក្នុងកា រចូលរួមអនុវត្តនូវគម្រោងនេះ៕

ដកស្រង់ពី៖ កោះសន្តិភាព