បណ្តាញសង្គម

កម្ពុជា ទទួលបានពានរង្វាន់ប្រាក់ពិភពលោក ក្នុងឱកាសចូលរួមពិព័រណ៍ពិភពលោក នៅ ឌុយបៃ

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំពិធីអបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE) ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈ កម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងជាអគ្គស្នងការកម្ពុជា សម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។

ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ សិល្បករ-សិល្បការិនី និងអ្នកសារព័ត៌មានជាច្រើនរូប។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីពាក់ព័ន្ធទាំងអស់របស់ក្រសួងពាណិជ្ជកម្ម សមាជិកសមាជិកាគណៈកម្មការ អន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក

និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ សិល្បករ-សិល្បការិនី ក្រុមការងារវិទ្យាស្ថានម្ហូបអាហារកម្ពុជា ពាណិជ្ជករកម្ពុជា ពីក្រុមហ៊ុន Beyond Retail Business និងភាគីពាក់ព័ន្ធដទៃទៀត ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការរៀបចំ

និងចូលរួមក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ត កម្រិតពិភពលោកនេះ រហូតទទួលបានជោគជ័យជូនជាតិមាតុភូមិ ទោះស្ថិតក្នុងកាលៈទេសដ៏លំបាក ដែលពិភពលោកទាំងមូលកំពុងជួបប្រទះ នូវវិបត្តនៃជំងឺរាតត្បាតកូវីដ-១៩ក្តី។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ជាលទ្ធផលព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ប្រាក់ពិភពលោក១គ្រឿង ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍ អន្តរជាតិ BIE លើផ្នែកការរចនាពន្លាជាតិ

បានល្អជាងគេក្នុងសង្កាត់និរន្តរភាព (Silver Award on the Interior Design for Sustainable District) ក្នុងចំណោមប្រទេសចំនួន ៤៥ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់នោះ

ហើយនេះជាលើកទី២ ដែលកម្ពុជាមានកិត្តិយសបានទទួលពានរង្វាន់ប្រាក់នេះ បន្ទាប់ពីបានទទួលពានរង្វាន់ប្រាក់លើកដំបូង ពីការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បន្តថា ពានរង្វាន់នេះ ធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាងសុក្រឹត ដោយផ្អែកលើការរៀបចំតុបតែងពន្លា

ជាតិស្របតាមខ្លឹមសារ និងប្រធានបទ រួមទាំងកំណត់ទៅតាមទំហំ និងប្រភេទពន្លាជាតិ ដោយត្រូវឆ្លងកាត់ការវាយតម្លៃផ្អែកលើទិដ្ឋភាពរួមចំនួន៣គឺ

១៖ ស្ថាបត្យកម្ម និងទស្សនីយភាព,

២៖ ការរចនាពន្លាជាតិ

និង៣៖ ការបកស្រាយប្រធានបទ។ លោករដ្ឋមន្ត្រី បានបន្ថែមថា ពានរង្វាន់នេះ ជាស្នាដៃមួយដែលមានតម្លៃជាប្រវត្តិសាស្រ្ត ហើយបានបញ្ជាក់ពីការទទួលស្គាល់មុខមាត់កម្ពុជា លើឆាកអន្តរជាតិ និងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជា បានល្បីល្បាញជាសកល តាមរយៈការរៀបចំ

និងចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនានា ព្រមទាំងនាំមកនូវមោទកភាពជូនជាតិ ក្នុងការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។

គួររំលឹកផងដែរថា កម្ពុជាធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យចំនួន ០៤ លើករួចមកហើយ ក្នុងការចូលរួមពិព័រណ៍ពិភពលោកចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន

ក្នុងនោះពិព័រណ៍ពិភពលោក ២០០៥ នៅទីក្រុងអាយជី ប្រទេសជប៉ុន, ពិព័រណ៍ពិភពលោក ២០១០ នៅទីក្រុងសៀងហៃ ប្រទេសចិន, ពិព័រណ៍ពិភពលោក ២០១៥ នៅទីក្រុងមីទ្បង់ ប្រទេសអ៊ីតាលី និងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម។

នៅឆ្នាំ២០២៥ ខាងមុខ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ២០២៥

អូសាកា-កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ «Designing Future Society for Our Lives»៕

ដកស្រង់ពី៖ Fresh News