បណ្តាញសង្គម

ក្រុមហ៊ុនកូរ៉េ គ្រោងទិញស្វាយកម្ពុជា ចំនួន១ម៉ឺនតោន ក្នុងមួយឆ្នាំ

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េឈ្មោះ GADOSH ដឹកនាំដោយលោកស្រី Yu LIN បានជម្រាបប្រាប់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាថា ក្រុមហ៊ុនមានគោលបំណងនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។

លោកស្រី Yu LIN ថ្លែងដូច្នេះ នៅក្នុងជំនួបពិភាក្សាជាមួយ លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ និងលោករដ្ឋមន្រ្តីមន្រ្តីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា

ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីរសៀលថ្ងៃទី ០៣ ខែ ឧសភា នៅទីស្តីការក្រសួងពាណិជ្ជកម្ម។លោករដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ

និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេសក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីបានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែច្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។

ជាមួយគ្នានេះ លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដែលបានស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ។

លោកបានបន្តថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។លើសពីនេះទៀត ភាគីទាំងពីរ បានបន្តប្តេជ្ញាចិត្តលើកិច្ចសហប្រតិបត្តិការ

និងលើកកម្ពស់សកម្មភាពធុរកិច្ចលើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព