បណ្តាញសង្គម

ដ្ឋាភិបាលកូរ៉េខាងត្បូង ជួយមន្ត្រីកម្ពុជា៤រូបទៀត ឱ្យសម្រេចក្តីស្រមៃបញ្ចប់ការសិក្សាអនុបណ្ឌិត ពីសាកលវិទ្យាល័យល្បីនៅកូរ៉េខាងត្បូង

(ភ្នំពេញ)៖ តាមរយៈអាហារូបករណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ហៅកាត់ថា កយកា-KOICA បានធ្វើឱ្យមន្ត្រីវ័យក្មេងរបស់កម្ពុជា៤រូបទៀត សម្រេចក្តីស្រមៃរបស់ពួកគេបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ពីសាកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។

មន្ត្រីវ័យក្មេងរបស់កម្ពុជាទាំង៤ ដែលទទួលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរយៈអាហារូបករណ៍របស់កយកានេះ រួមមាន៖ កញ្ញា ជា ណាវិន មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) កម្ពុជា និងលោក កែវ ហាក់ មកពីក្រសួងអភិវឌ្ឍន៍ជនបទ(MRD)កម្ពុជា បានបញ្ចប់ការសិក្សាដោយជោគជ័យ

និង បានឆ្លងកាត់ការវាយតម្លៃនិក្ខេបបទសម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់គោលនយោបាយសាធារណៈ ជំនាញគោលនយោបាយការប្រែប្រួលអាកាសធាតុ ពីសាកលវិទ្យាល័យហាល់លីម (Hallym) ក្នុងទីក្រុង Chuncheon ខេត្ត GangWon-Do នៃសាធារណរដ្ឋកូរ៉េ។

ដោយឡែកមន្ត្រីអាហារូបករណ៍កយកាពីរនាក់ទៀត គឺ លោក នៃ ស៊ីវណ្ណសាក់ ប្រធានផ្នែក នៃនាយកដ្ឋានលទ្ធកម្មនៃអគ្គិសនីកម្ពុជា (EDC) និង លោកស្រី សឿន កណ្ណិកា ប្រធានស្តីទីការិយាល័យ នៃនិយ័តករមូលបត្រកម្ពុជា

(ន.ម.ក.) ក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានឆ្លងកាត់ការវាយតម្លៃនិក្ខេបបទសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម លើជំនាញភាពជាសហគ្រិន មកពីវិទ្យាស្ថាន KAIST នាទីក្រុងសេអ៊ូល។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ លោក នោ ហ្យន់ជូន ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចាំនៅប្រទេសកម្ពុជា បានស្វាគមន៍ និងអបអរសាទរ ចំពោះមន្ត្រីកម្ពុជាទាំង៤រូប ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ពួកគេ។

លោកប្រធានតំណាងប្រចាំប្រទេសបានថ្លែងថា «ទោះបីមានការលំបាកក្នុងស្ថានភាពជំងឺកូវីដ-១៩ក៏ដោយ ទីភ្នាក់ងារកយកា បានសន្យាបន្តជួយដល់កម្ពុជា និងផ្តល់អាហារូបករណ៍ ព្រមទាំងឱកាសបណ្តុះបណ្តាលបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»។

កម្មវិធីអាហារូបករណ៍កយកា គឺជាកម្មវិធីដែទទួលបានមូលនិធិយ៉ាងពេញលេញ គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ទៅកាន់ប្រទេសជាដៃគូរបស់ កយកា។

កម្មវិធីអាហារូបករណ៍នេះ បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ ហើយមានគោលបំណងចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍន៍របស់កូរ៉េ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។

ដើម្បីសម្រេចបាននូវបេសកកម្មនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានចាប់ផ្តើមប្រតិបត្តិការ អាហារូបករណ៍កម្រិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជាមួយសាកលវិទ្យាល័យល្បីៗ នៅប្រទេសកូរ៉េ ចំនួន២០ នៅក្នុងវិស័យកសិកម្ម វិស័យអភិវឌ្ឍជនបទ វិស័យអប់រំ វិស័យអភិបាលកិច្ច វិស័យបច្ចេកវិទ្យា និង វិស័យបរិស្ថាននិងថាមពល។

KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានា ក្នុងប្រទេសកម្ពុជា ដែលមានគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស។ ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០២១

ការិយាល័យ KOICAប្រចាំកម្ពុជាបានគាំទ្រមន្ត្រីរដ្ឋាភិបាលប្រមាណជា៣៣៦៨ នាក់។

ក្នុងចំណោមនោះ មានកម្មសិក្សាការីកម្មវិធីអាហារូបករណ៍របស់ទីភ្នាក់ងារកយកាចំនួន ២០៧នាក់៕

ដកស្រង់ពី៖ Fresh News