បណ្តាញសង្គម

នាយក​រដ្ឋមន្ត្រី​លើកទឹកចិត្ត​ឲ្យ​ទ័ព​កម្ពុជា​-​ជប៉ុន​ហ្វឹកហ្វឺនសង្គ្រោះ​បន្ទាន់​ពី​គ្រោះ​មហន្តរាយ និង​ទប់ស្កាត់​អំពើ​ភេរវកម្ម

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ជប៉ុន បន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីដែលមានស្រាប់យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នាក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម ។

ការលើកទឹកចិត្តនេះ ក្នុងឱកាសចូលជួបពិភាក្សាការងាររវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន នាព្រឹកថ្ងៃទី២៩ មេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

ក្នុងជំនួបលោកអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន បានកោតសរសើរកម្ពុជា ដែលបានបញ្ជូនកងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅទូទាំងពិភពលោក ។

លោកក៏បានគោរពជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យការពារជាតិស្របទៅតាមសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក ។

លោក យ៉ាម៉ាហ្សាគី បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា លោក បានជួបពិភាក្សាការងារជាមួយនាយកឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងបានជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក

ដោយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យការពារជាតិ ផ្ដោតការយកចិត្តទុកដាក់លើការហ្វឹកហ្វឺនសមយុទ្ធសម្រាប់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន

បានថ្លែងអំណរគុណ និងសំដែងនូវការគាំទ្រចំពោះកិច្ចពិភាក្សាជាមួយនាយកឧត្ដមសេនីយ៍ វង្ស ពិសេន និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងចំពោះអ្វីដែលបានលើកឡើង ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងកម្មវិធីដែលមានស្រាប់យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នាក្នុងការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយនិងទប់ស្កាត់អំពើភេរវកម្ម ៕

និងទប់ស្កាត់អំពីអំពើភេរវកម្មផង និងឈានឆ្ពោះទៅទទួលបានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផង ។

ដកស្រង់ពី៖ កោះសន្តិភាព